ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១២ ខែសីហា ឆ្នាំ២០២២នេះថា៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបំភ្លឺជូនសាធារណជនទាំងអស់ឱ្យបានជ្រាប ទាក់ទងទៅនឹងការធ្វេីបាតុកម្មខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវេីលដ៍ដែលមានផែនការអាក្រក់ ញុះញង់ បង្កហេតុ ថែមទាំងបង្កហិង្សាមកលេីសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ថែមទៀតផង។
ក្រុមបាតុករខុសច្បាប់អតីតបុគ្គលិកណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤ និង១០នាទី បានធ្វើការញុះញង់ដែលមានចេតនាអាក្រក់ក្នុងគោលបំណងបង្កអំពើហិង្សាមកលេីសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់។ ស្របពេលដែលសមត្ថកិច្ចបានធ្វេីការរារាំង និងណែនាំឱ្យបញ្ឈប់សកម្មភាពបុកទម្លុះបារាស់ក្នុងគោលបំណងធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសកុំឱ្យមានការកកស្ទះចរាចរណ៍។ ប៉ុន្តែក្រុមបាតុករខុសច្បាប់ទាំងនោះមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច បែរជានៅតែបង្កហេតុដោយបានធ្វេីការបុកទម្លុះបារាសជាច្រើនលើកច្រើនសា ជាពិសេសថែមទាំងបង្កហិង្សាមកលេីសមត្ថកិច្ច ដែលបណ្តាលឱ្យសមត្ថកិច្ចមួយចំនួនរងរបួសថែមទៀតផង ៕
ដោយ៖ស តារា