ខេត្តកំពង់ឆ្នាំង៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និងក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រទី១២ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កុំឱ្យប្រើប្រាស់សុីម៉ាំងកែឆ្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្ត បំពាក់ភ្លើង ខុសលក្ខណៈបច្ចេកទេស (តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត។
សូមជម្រាបដែរថា ជារៀងរាល់ថ្ងៃកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ស្រុក បានបន្តចុះបង្ក្រាបបទល្មើសនេសាទ តាមដងទន្លេក្នុងភូមិសាស្រ្តខ្លួនផងដែរ៕
ដោយ៖សហការី