ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូអង្គការការីតាស ប្រចាំកម្ពុជា ស្តីពី ” វឌ្ឍនភាពគម្រោងសាងសង់សាលាបៃតងដំណាក់កាល៣ឆ្នាំបន្ទាប់ ” នៅអគ្គនាយកដ្ឋានកីឡា ក្នុងបរិវេណពហុកីឡាដ្ឋានជាតិ និងតាមប្រព័ន្ធ Zoom នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នារាជធានីភ្នំពេញ។
ក្នុងរយៈពេល ៣២ឆ្នាំកន្លងមក អាចវាយតម្លៃបានថាអង្គការការីតាស ប្រចាំកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់ដំណាក់កាល តាមរយៈការគាំទ្រគម្រោង និងអនុវត្តសកម្មភាពនានា បម្រើឱ្យវិស័យអប់រំ សុខាភិបាល សង្គមកិច្ច បរិស្ថាន ដូចជាការប្រែប្រួលអាកាសធាតុ ជំនួយសង្គ្រោះបន្ទាន់ គម្រោងសេវាសុខភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងពន្ធនាគារចំនួន ៧ នៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់អង្គការការីតាស ប្រចាំកម្ពុជា ក្នុងរយៈពេល ១៨ខែ អនុវត្តដោយអង្គការការីតាស និងដៃគូអភិវឌ្ឍនានា បន្ទាប់ពីការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងអង្គការការីតាសស្វីស ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែលម្អរសាលាទាំង ៤៥សាលា ក្នុងខេត្តបន្ទាយមានជ័យ សម្រេចលទ្ធផលសំខាន់ៗ ចំនួន ៣ ៖
-ទី១. ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យសម្រាប់សាលារៀនគោលដៅទាំង ៤៥សាលា
-ទី២. បានជ្រើសរើសដៃគូសម្រាប់អនុវត្តវិធីសាស្រ្តសាលាបៃតង
-ទី៣. បណ្តុះបណ្តាលគ្រូបង្គោលស្តីពី ទស្សនទានសមាសភាពសាលាបៃតង ឱ្យទៅជាសាលាបៃតង និងជាគំរូមួយ ដោយអនុលោមតាមផែនការយុទ្ធសាស្រ្តអប់រំជាតិ កម្មវិធីទឹកស្អាត អនាម័យល្អ បរិស្ថានស្អាត និងគោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមាស្តីពី ទឹកស្អាត និងអនាម័យតាមសាលារៀន ព្រមទាំងពង្រីកសកម្មភាពទាំងនេះនៅទូទាំងប្រទេស ទៅតាមដំណាក់កាលៗ ដោយផ្តើមចេញ និងយកគំរូពីសាលាបៃតង នៃខេត្តបន្ទាយមានជ័យ។ ក្នុងរយៈពេលពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២៣ អង្គការការីតាស ប្រចាំកម្ពុជា គ្រោងចំណាយថវិកាជិត ២លានដុល្លារអាមេរិក ជួយដល់សាលាគោលដៅទាំង ៤៥សាលា នៅខេត្តបន្ទាយមានជ័យ។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការការីតាស ប្រចាំកម្ពុជា ដែលបានជួយលើគម្រោងសាលាបៃតងចំនួន ៤៥សាលា នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាគម្រោងផ្សេងៗ ទៀត ដល់កម្ពុជាទាំងមូល៕
ដោយ : សិលា