គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ប្រជុំស្វែងរកវិធីសាស្ត្រក្នុងការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមលើការបញ្ជៀបព័ត៌មាន និងសមិទ្ធផលនានា ដល់ថ្នាក់មូលដ្ឋាន និងសាធារណជន

ចែករំលែក៖

ភ្នំពេញ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី៖ «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅវិមាន៧មករា នាព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ។

សិក្ខាសាលារយៈពេល ១ ថ្ងៃ កន្លះ ស្តីពី «ការចែករំលែកព័ត៌មាននៅក្នុងបរិបទឌីជីថល និងការផ្លាស់ប្តូរបទពិសោធន៍លើការងារផ្សព្វផ្សាយមហាជន» នេះ មានការចូលរួមជាសិក្ខាកាមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, ជនបង្គោលទទួលបន្ទុកការងារចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងគណបក្ស ប្រមាណជាង ៧០០នាក់។

អង្គសិក្ខាសាលា នឹងប្រព្រឹត្តទៅជាកិច្ចប្រជុំពេញអង្គ ជាមួយនឹងការចាប់ផ្តើមដោយបទបង្ហាញលើប្រធានបទសំខាន់ចំនួន៣ ដោយវាគ្មិនជំនាញ និងពោរពេញដោយបទពិសោធន៍។ ទន្ទឹមនេះ ក៏នឹងមានជាការបែងចែកជាក្រុមពិភាក្សា ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចចែករំលែកបទពិសោធដោយផ្ទាល់ពីមូលដ្ឋាន និងការងាររបស់ខ្លួនលើការងារសាធារណមតិ និងផ្សព្វផ្សាយមហាជន ជាពិសេសក្នុងបរិបទឌីជីថល។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះពេលនេះ គឺដើម្បី(១) ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ (២)ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល (៣)បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំងនិងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និង(៤)បង្កើតឱកាសបានរៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ។

ដោយឡែកនៅថ្ងៃស្អែក ពិធីបិទ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print