លោក Faber តំណាងរាស្ត្រអាល្លឺម៉ង់បានលើកឡើងថា មានតែ ៥ប៉ុណ្ណោះបានដំណើរការក្នុងចំណោម១៥នៃប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិ PzH 2000 ដែលផ្តល់ជូនអ៊ុយក្រែន ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន NTV នាពេលថ្មីៗនេះ តំណាងរាស្ត្រ Marcus Faber បានឱ្យដឹងថាក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសថា មានប្រព័ន្ធកាំភ្លើងធំ PzH 2000 (155 mm) ដែលអាល្លឺម៉ង់និងហុល្លង់ផ្តល់ជូនអ៊ុយក្រែនក្នុងចំណោម១៥គ្រឿង មានតែ៥គ្រឿងប៉ុណ្ណោះដែលដំណើរការ ចំណែក១០គ្រឿងទៀតមានបញ្ហាបច្ចេកទេស។
កាលពីចុងខែកក្កដា ក្រុមហ៊ុនការពារជាតិ Krauss-Maffei Wegmann របស់ប្រទេសអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផលិតប្រព័ន្ធកាំភ្លើងធំ PzH 2000 ចំនួន១០០គ្រឿងលក់ជូនទាហានអ៊ុយក្រែនក្នុងតម្លៃ១,៧២ពាន់លានដុល្លារ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីបានអំពាវនាវសាជាថ្មីឱ្យបណ្តារដ្ឋសហភាពអឺរ៉ុប (EU) ឈប់ផ្តល់ទិដ្ឋាការដល់ជនជាតិរុស្ស៉ីតទៅទៀត។ លោកហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «វាត្រូវតែមានការធានាថា ឃាតកនិងអ្នកសមគំនិតនៅក្នុងអំពើឃោរឃៅរបស់រុស្ស៉ីមិនអាចមានឱកាសប្រើប្រាស់ទិដ្ឋាការ សិនហ្កិន (Schengen)»បានទេ។ លោក ហ្សេនលេនស្គី ចង់សំដៅលើទិដ្ឋាការដែលអនុញ្ញាតឱ្យអ្នកកាន់វា អាចធ្វើដំណើរដោយសេរីនៅក្នុងតំបន់គេហៅថា សិនហ្កិន ដែលគ្របដណ្តប់លើប្រទេសអឺរ៉ុបចំនួន២៦។
យ៉ាងណាក្តី លោកប្រធានាធិបតីអ៊ុយក្រែនបានអះអាងថា សំណើរបស់លោកគឺមិនរាប់បញ្ចូលជន
ជាតិរុស្ស៉ីដែលត្រូវការការជួយសង្រ្គោះ ក្រោយពីសុខចិត្តយកសេរីភាពឬជីវិតពួកគេទៅប្រថុយ តាមរយៈការប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន នោះឡើយ៕ ដោយធីរីណា
រូបថត :RT