ខេត្តបាត់ដំបង៖ ជនជាប់ចោទម្នាក់ដែលជាមេខ្លោងក្រុមចោរប្លន់ប្រដាប់អាវុធយកទ្រព្យសម្បត្តិពលរដ្ឋនៅក្នុងខេត្តបាត់ដំបងកាលពី៩ឆ្នាំមុនត្រូវបានបង្រ្កាបចាប់ខ្លួនពីសំណាក់នគរបាលខេត្តបាត់ដំបង ។
ជនជាប់ចោទឈ្មោះ នូវ ផានិត ហៅវិត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ អនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបងជាប់ចោទពីបទប្លន់នៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង កាលពីក្នុងអំឡុងខែសីហា ឆ្នាំ២០០៧ ជនសង្ស័យរូបនេះធ្វើសកម្មភាពប្លន់ក្នុងវ័យ១៨ឆ្នាំ ។
ក្រោយពីធ្វើសកម្មភាពចាប់តាំងពីពេលនោះមក នជាប់ចោទបានរត់គេចខ្លួនពីលំនៅដ្ឋានជាង៩ឆ្នាំហើយ បានត្រឡប់ចូលផ្ទះវិញក៏ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ចុះទៅធ្វើការចាប់ឃាត់ខ្លួនតែម្តងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ការបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមចោរប្លន់ពីសំណាក់កម្លាំងនគរបាលខេត្តបាត់ដំបងដើម្បីធ្វើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនពលរដ្ឋក្នុងការបង្កាទប់ស្កាត់អំពើពុកលួច ឆក់ប្លន់ បន្ទាប់ពីសកម្មភាពប្លន់ប្រដាប់អាវុធនៅខេត្តបាត់ដំបងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះត្រូវគេមើលឃើញថា បានកើតឡើងជាបន្តបន្ទាប់ ជាពិសេសមុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធប្លន់ផ្ទះពលរដ្ឋមួយកន្លែងកាលពីពេលកន្លងទៅថ្មីៗនេះនៅក្នុងភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី មិនទាន់ត្រូវបានសមត្ថកិច្ចបំបែកសំណុំរឿងអំពើប្លន់នោះនៅឡើយនោះទេ៕
ដោយ៖ សំ វិច្ឆិកា