ខេត្តស្ទឹងត្រែង៖ ភ្លៀងធ្លាក់លាយឡំជាមួយនិងខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បណ្តាលឲ្យមនុស្ស៣នាក់ត្រូវបានស្លាប់រងដោយគ្រាប់រន្ទះបាញ់ និងស្ត្រីម្នាក់ទៀតរងគ្រោះបាក់ចង្កេះដោយសាររលំផ្ទះសង្កត់លើ។
ស្ត្រីរងគ្រោះឈ្មោះសំ សាលាន អាយុ១៨ឆ្នាំ ដែលត្រូវជាភរិយាសពជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់រងរន្ទះបាញ់បានឲ្យដឹងថា មុនពេលកើតហេតុប្ដីរបស់គាត់ឈ្មោះ សុខ ឃឿន អាយុ៣៧ឆ្នាំ បានទាញទ្វារនិងបង្អួចបិទ ខណៈមេឃរកកលភ្លៀង និងមានខ្យល់កន្ត្រាក់ ជាមួយនិងគ្រាប់ភ្លៀងបានធ្លាក់មកភ្លាមនោះ ស្រាប់តែមានភ្លៀងរន្ទះបាញ់ឆក់ជីវិតប្ដីរបស់គាត់មួយរំពិច។
សមត្ថកិច្ចបានឲ្យដឹងថា ក្រៅពីជនរងគ្រោះខាងលើគឺមានមនុស្ស២នាក់ទៀតឈ្មោះ គ្រឹម ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ហៀង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំខាងលើក៏បានរងគ្រោះដោយរន្ទះស្លាប់ក្នុងថ្ងៃតែមួយ។
សមត្ថកិច្ចបន្តថា សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួន ចំណែកស្ត្រីរងគ្រោះរលំផ្ទះសង្កត់លើបាក់ចង្កេះត្រូវបានដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
អាជ្ញាធរ និងខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តែងតែបានប្រកាសឬជូនដំណឹងពីបញ្ហាខ្យល់កន្ត្រាក់ និងរន្ទះ សម្រាប់ពេលភ្លៀងក្នុងនោះក៏សំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាលខេត្តមូលដ្ឋាននានា ប្រឈមនិងការប្រុងប្រយ័ត្នខ្ពស់ជៀសវាងឧប្បតិ្តហេតុដូចខាងលើនេះកើងឡើងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាដើម៕
ដោយ៖ មាស សុផាត