ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហព័ន្ធកីឡាបាល់បោះកម្ពុជាបានរៀបចំសន្និសីទសារព័ត៌ មានដើម្បីប្រកាសបើកការប្រកួតលីកបាល់បោះរដូវកាលទី៤ឆ្នាំ២០១៦ដែលនឹងប្រពឹត្តទៅចាប់ពីថ្ងៃទី២៤មិថុនាឆ្នាំដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៦ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យនៅទីលានក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក កែ កាន់ណាលី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់បោះកម្ពុជាបានឲ្យដឹងថា ការប្រកួតលីកនេះបានប្តូរទម្រង់ ប្រកួតខ្លះ ប៉ុន្តែបទបញ្ជាផ្ទៃក្នុងនៅរក្សាដូចឆ្នាំ២០១៥ដដែល ។ ដោយឡែកការប្រកួតវិលជុំជម្រុះមានចំនួន៤៥ប្រកួតវគ្គ៨ក្រុមមានចំនួន១២ប្រកួត វគ្គ៤ក្រុមមាន២ប្រកួតនិងវគ្គផ្តាច់ព្រ័ត្រ២ប្រកួត ។
លោកបានបន្តទៀតថា ការប្រកួតវិល ជុំធ្វើឡើងចំនួន៣ដងប្រសិនបើមានក្រុមណាមួយឈ្នះ២ប្រកួតជាប់គ្នាចាត់ទុកថាបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបើឈ្នះ១ ចាញ់១ ត្រូវប្រកួតលើកទី៣ ទៀត ។
លោកបានបន្តទៀតថា អ្វីដែលគណៈកម្មការរៀបចំការប្រកួតសម្រេចចិត្តគឺរក្សាទុកមិនផ្លាស់ប្តូររូបមន្តប្រកួតនោះទេ ដោយសារតែការប្រកួតលីកឆ្នាំ២០១៥កន្លងទៅ គណៈកម្មការរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជាពុំធ្លាប់បានទទួលពាក្យបណ្តឹងពីសមាជិកទាំង១០ក្រុមដែលមានសមាសភាពលេងនៅលើទីលាននោះទេ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ចាប់ពីថ្ងៃនេះតទៅ NOCC នឹងចាប់ដៃគូជាមួយសហព័ន្ធកីឡាជាតិទាំងអស់ដើម្បីជំរុញ និងលើកកម្ពស់ វិស័យកីឡាកម្ពុជាសម្រាប់ឆ្ពោះទៅការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ពិសេសកីឡាលេងជាលក្ខណៈក្រុមត្រូវការ គាំទ្រខ្លាំងណាស់សូមឲ្យមហាជនចូលរួមលើកទឹកចិត្តទាំងយុវជននិងក្រុមហ៊ុនឯកជននានា ។
គួរបញ្ជាក់ថា តាមការគ្រោងទុករបស់សហព័ន្ធកីឡាបាល់បោះកម្ពុជាការប្រកួតបាល់បោះលីករដូវកាលទី៤នឹងប្រព្រឹតធ្វើនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦ដោយពុំមានការផ្លាស់ប្តូរឬក៏លើកពេលប្រកួតតទៅទៀតឡើយ ដូច្នេះហើយបានជាលោកអគ្គលេខាធិការរង កែ កាន់ណាលី ស្នើ ដល់ក្រុមបាល់បោះដែលធ្លាប់លេងក្នុងលីក ទាំងអស់ត្រៀមលក្ខណៈក្រុមឲ្យបានរួច រាល់និងបញ្ជូនឯកសារពាក់ព័ន្ធមកគណៈកម្មការសុំសិទ្ធិប្រកួតឲ្យបានទាន់ពេល វេលា ៕
ដោយ៖ សារីម