បែកធ្លាយជនដៃដល់សម្លាប់សិស្សវិទ្យាល័យពងទឹក ក្រោយការសួរនាំ សារភាពថាធ្លាប់សម្លាប់បុរសម្នាក់ កាលពីឆ្នាំ២០១៤

ចែករំលែក៖

ភ្នំពេញ៖ជនដៃដល់ដែលសម្លាប់សិស្សសាលាពងទឹកប្លន់យកទ្រព្យសម្បត្តិស្ថិតនៅដីឡូត៍សំណង់បាក់បែក សង្កាត់ចោមចៅនោះ ក្រោយការសួរនាំ ស្រាប់តែធ្លាយរឿងសម្លាប់ បុរសម្នាក់យកទៅទម្លាក់ទឹកនៅក្នុងរណ្តៅដី ស្ថិតនៅខណ្ឌដង្កោ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤កន្លងទៅបន្ទាប់ពី មានប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធ បច្ចុប្បន្នរស់នៅភូមិកំរែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានមកដាក់បណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោប្តឹងជនសង្ស័យ១ករណីផ្សេងទៀត គឺករណីវាយសម្លាប់កូនប្រុសរបស់គាត់ទម្លាក់ចូលក្នុងរណ្តៅដី ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងអំឡុងឆ្នាំ២០១៤ ដោយសារតែប្តីប្រពន្ធរួបនោះបានមើល តាមរយះកញ្ចក់ទូរទស្សន៍ ក៏ដូចជាកាសែតនានា នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។
ម្តាយជនរងគ្រោះប្រាប់អោយដឹងថា កូនប្រុសរបស់គាត់ដែលត្រូវជនសង្ស័យវាយសម្លាប់ទម្លាក់ទាំងមនុស្ស និងម៉ូតូ ចូលរណ្តៅដីដ៍ជ្រៅនោះ មានឈ្មោះ ច្រិច ពិសិដ្ឋ អាយុ២៤ឆ្នាំ មុនស្លាប់រស់នៅជាមួយពួកគាត់ភូមិកំរែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
អ៊ុំស្រីរៀបរាប់បន្តអោយដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤ (ដែលជាថ្ងៃរដូវបុណ្យចូលឆ្នាំ) ជនសង្ស័យឈ្មោះ ជុំ វីរះ បានជិះម៉ូតូ សេ១២៥ មកបបួលកូនប្រុសរបស់គាត់ទៅរាំធុងបាស់លេងកំសាន្តនៅក្នុងភូមិ ពីព្រោះជារដូវចូលឆ្នាំ ដោយពេលនោះកូនប្រុសរបស់គាត់់ជិះម៉ូតូ ម៉ាក គុបជ្រុង ពណ៍ទឹកប៊ឹច ចេញទៅជាមួយគ្នា បាត់មួយយប់មិនឃើញកូនរបស់គាត់ត្រឡប់មកផ្ទះវិញសោះ គឺឃើញតែឈ្មោះ ជុំ វីរះ ប៉ុណ្ណោះដែលត្រឡប់មកផ្ទះវិញ លុះដល់ព្រឹកឡើងថ្ងៃទី១៦ ខែឆ្នាំដដែល ស្រាប់តែមានការភ្ញាក់ផ្អើលប្រទះឃើញសពមនុស្សម្នាក់ និងម៉ូតូ មួយគ្រឿងធ្លាក់នៅក្នុងរណ្តៅដីដ៏ជ្រៅមួយកន្លែង ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ នៅពេលគាត់ទៅមើល ទើបដឹងថា គឺជាកូនប្រុសរបស់គាត់ ធ្វើអោយពួកគាត់រន្ធត់ចិត្តយ៉ាងខ្លាំង ។
ម្តាយជនរងគ្រោះប្រាប់បន្តទៀតថា ក្រោយពីកើតហេតុ ពួកគាត់បានដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចបានដឹងឭផងដែរ ដើម្បីអោយជួយតាមស្រាវជ្រាវរកមូលហេតុដែលនាំអោយកូនប្រុសរបស់គាត់ស្លាប់ រហូតរយះពេលជាង២ឆ្នាំមកហើយ មិនបានដំណឹងសោះ ។ ដោយមានហេតុការណ៍វាយសម្លាប់ប្លន់យកទ្រព្យសម្បត្តិពីយុវសិស្សវិទ្យាល័យពងទឹកម្នាក់នៅខណ្ឌពោធិសែនជ័យ ហើយសមត្ថកិច្ចតាមស្រាវជ្រាវឃាត់បានជនសង្ស័យឈ្មោះ ជុំ វីរះ ព្រមទាំងសារភាពអំពីការវាយសម្លាប់កូនប្រុសរបស់គាត់ រួមផ្សុំដែលពួកគាត់មើលទូរទស្សន៍ស្គាល់មុខជនសង្ស័យឈ្មោះ ជុំ វីរះ ទៀត ទើបនាសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នេះ ពួកគាត់បានមកដាក់ពាក្យបណ្តឹងម្តងទៀតនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីអោយសមត្ថកិច្ចបន្ថែមទោសទណ្ឌទៅលើជនសង្ស័យ ។
សមត្ថកិច្ចប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះបានផឹកស៊ីជុំគ្នា ហើយក៏មានទំនាស់ពាក្យសម្ដីកើតឡើង បន្ទាប់មកជនរងគ្រោះបាន ជិះម៉ូតូចេញពីកន្លែងផឹកស៊ីមុន ស្រាប់តែជនសង្ស័យរូបនេះ ជិះម៉ូតូដេញតាមរករឿងពីក្រោយទៀត លុះដល់កន្លែងកើតហេតុក៍ចាប់រុញ ច្រានជនរងគ្រោះ ទម្លាក់ចូលទៅក្នុងរណ្ដៅដីដ៏ជ្រៅ បណ្ដាលឲ្យធ្លាក់ទាំងមនុស្ស និងម៉ូតូបាក់កស្លាប់ (រណ្ដៅដីដែលធ្លាក់ឧទ្ធម្ភាគចក្រយោធា) តែម្ដង ហើយពេលនោះរូបគេមិនមានទោសនោះដែរ ព្រោះគ្មានអ្នកឃើញ ប៉ុន្តែពេលនោះសមត្ថកិច្ចក៍ហៅទៅសួរនាំដែរ តែខ្លួនមិនបានសារភាព។

 

សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print