ខេត្តព្រះវិហារ : នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក គីម រិទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីប្លង់គោលប្រើប្រាស់ដីក្នុងក្រុងព្រះវិហារ គម្រោងចំណូល-ចំណាយថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះវិហារ បទល្មើសព្រៃឈើ ធនធានរ៉ែ និងការចុះបញ្ជីទ្រព្យសម្បតិរដ្ឋដែលមានក្នុងបញ្ជីសារពើភ័ណ្ឌ ដោយមានការចូលរួមពី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។ ក្រោយពីបានស្តាប់បទបង្ហាញរបស់មន្ទីរជំនាញ រួចមក លោកអភិបាលខេត្ត បាន ស្នើសុំអភិបាលស្រុក ចំនួន០៧ទៀត ត្រូវត្រៀមលក្ខណៈរៀបចំប្លង់គោលឲ្យមានស្តង់ដា ដូចប្លង់គោលប្រើប្រាស់ដី ក្រុងព្រះវិហារ ដែលបានពិភាក្សានាពេលនេះ។ លោកបន្តទៀតថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សូមឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវរៀបចំសិក្សាដាក់ស្លាកសញ្ញានៅតាមដងផ្លូវ ទីប្រជុំជន សាលារៀន មន្ទីរពេទ្យ កន្លែងបត់ កោង ដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងត្រូវដាក់អំពូលសូឡានៅលើទីតាំងទាំងនោះផងដែរ ។ បន្ថែមពីនោះឯកឧត្តមស្មើឲ្យអាជ្ញាធរក្រុង ស្រុក និងស្ថាប័នជំនាញសិក្សាលទ្ធភាពរៀបចំស្លាកលេខផ្ទះ ដោយផ្តើមចេញពីភូមិ សង្កាត់ក្នុងក្រុងព្រះវិហារ។ដោយឡែកចំពោះ បទល្មើសធនធានធម្មជាតិ ត្រូវតែអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុតលើឈ្មួញទាំងអស់នោះ ។ហើយសូមអាជ្ញាធរ ត្រូវណែនាំដល់ប្រជាពលរដ្ឋដែលធ្លាប់កាប់បំផ្លាញ់ព្រៃឈើ ដើម្បីចិញ្ចឹមជិវិត ឲ្យមកផ្លាស់ប្តូររបរចិញ្ចឹមសត្វ ដាំដំណាំបន្លែ ដែលជាមុខរបររក្សាជីវភាពយូរអង្វែង ៕
ដោយ : សហការី