ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងនៅយប់ថ្ងៃចន្ទទី១៥ ខែសីហា ឆ្នាំ២០២២នេះថា៖ នាចុងសប្តាហ៍ថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន២៣៣,៩៣៣នាក់ ក្នុងនោះភ្ញៀវជាតិ ២១២,៣១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១,៦២០នាក់។
របាយការណ៍ដដែលបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ៣៨,២៤៩នាក់
* ខេត្តព្រះសីហនុ ៣១,៥៨៩នាក់
* ខេត្តកំពត ២៣,៨១៩នាក់
* ខេត្តបាត់ដំបង ២១,១៧៧នាក់
* ខេត្តកំពង់ស្ពឺ ១៨,៨២៦នាក់
* រាជធានីភ្នំពេញ ១៨,៣៩៥នាក់
* ខេត្តកែប ១២,៧២០នាក់
* ខេត្តពោធិ៍សាត់ ១១,៥៤១នាក់
* ខេត្តកណ្តាល ១១,០៨៥នាក់។
ក្នុងរយៈពេល៤-៥សប្តាហ៍កន្លងមកនេះ យើងឃើញថាចរន្តភ្ញៀវមានការប្រែប្រែលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់តិចឬច្រើនទៅតាមតំបន់ ជំនន់ទឹកភ្លៀងដោយកន្លែង និងរលកសមុទ្រធំៗ ដែលបានធ្វើចរន្តភ្ញៀវទៅកាន់គោលដៅទេសចរណ៍មួយចំនួនក៏មានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែ។
បច្ចុប្បន្ន ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង និងការត្រួតពិនិត្យវាយតម្លៃលើកទីពីរនៃគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសការស្តារ និងពង្រឹងឡើងវិញវិស័យធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍នៅគោលដៅសៀមរាប-អង្គរ ដែលជាផ្នែកមួយគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ផងដែរ៕ដោយ៖សហការី