ភ្នំពេញ ៖ កាលពីម្សិលមិញថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាល
ប៉ុស្ដិ៍រដ្ឋបាលព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីឆបោកយកម៉ូតូ បង្កឡើងនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨-០៥-២០២២ វេលាម៉ោង ១២និង០០នាទី។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស្មាន សូទី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ លក់ដូរ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ០២នាក់នោះរួមមាន ៖
១-ឈ្មោះ ប៊ុន ថាវរិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ។
២-ឈ្មោះ ទេព សុហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១BU-៤៤៩៤ ទៅជួបជនសង្ស័យឈ្មោះ ប៊ុន ថាវរិទ្ធ នៅផ្ទះជួលគ្មានលេខ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យក៏បានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះដោយប្រាប់ថាទៅទិញអីហូបមួយភ្លែត! រួចក៏ជិះម៉ូតូទៅជួបបក្ខពួកម្នាក់ទៀតឈ្មោះ ទេព សុហេង យកទៅលក់ឱ្យគេបានប្រាក់៣០០ដុល្លារចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះមកដល់ថ្ងៃទី ១៥-០៨-២០២២ វេលា ម៉ោង១៧និង៣០នាទី ជនរងគ្រោះឃើញជនសង្ស័យឈ្មោះ ប៊ុន ថាវរិទ្ធ នៅភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចយើងធ្វើការសាកសួរ។ រហូតដល់ម៉ោង១៩និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ទេព សុហេង នៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ចាត់ការតាមច្បាប់។
លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យទាំង០២នាក់ គឺវិជ្ជមាន (មានសារធាតុញៀន) ៕
ដោយ ៖ ភារ៉ា ដង្កោ