ភ្នំពេញ៖ ណាន វីសារ បានក្លាយជាបេក្ខភាពចុងក្រោយទាំង៦នាក់ដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Cambodian Idolរដូវកាលទី៤ បន្ទាប់ពីឆ្លងកាក់ការប្រគួតដ៏ស្វិតស្វាញ។ ក្នុងចំណោមបេក្ខជនទាំង៦រូបចុងក្រោយ លោកត្រូវបានគេចាត់ទុកថាមានប្រវត្តិតស៊ូខ្លាំងរាប់ចាប់តាំងពីការក្លាយខ្លួនជាក្មេងកំព្រា និងចំណាកស្រុកចេញទៅធ្វើកម្មករសំណង់នៅប្រទេសថៃជាដើម។
ស្របគ្នានឹងការប្រគួតនេះដែរពាក្យរិះគន់ពេបជ្រាយមើលងាយ វាយតម្លៃ ថា បេក្ខជនណាន វីសារ មានមុខឈ្លើយ ឌឺ អំណួត ត្រូវបានលេចឡើងនៅលើបណ្តាញសង្គមក្រោយពីបេក្ខជនរូបនេះទទួលបានការសង្គ្រោះពិសេសពីគណកម្មការនៃកម្មវិធីប្រគួត ។ ទោះជាយ៉ាងណាពាក្យរិះគន់ពេបជ្រាយទាំងនេះមិនបានធ្វើឲ្យបេក្ខជនរូបនេះបាក់ទឹកចិត្តធ្ងន់ធ្ងរនិងបញ្ចប់បំពេញក្តីស្រមៃរបស់ខ្លួនឡើយ ។ ក្លាយជាមនុស្សរឹងមាំម្នាក់ ដែលបានហែលឆ្លងកាត់ជីវិតតស៊ូរាប់មិនអស់ដែលមនុស្សជាច្រើនមិនអាចទ្រាំបានរាប់ចាប់តាំងពីការក្លាយខ្លួនជាក្មេងកំព្រាឪពុកចាប់តាំងពីអាយុ៣ឆ្នាំ ខណៈដែលអំឡុងឆ្នាំ ២០១០ម្តាយក៏ត្រូវជាប់ពន្ធធានគាររយៈពេល៥ឆ្នាំ។ បេក្ខជនវ័យ២១ឆ្នាំរូបនេះធ្លាប់ធ្វើជាកម្មករចំណាកស្រុកនៅប្រទេសថៃក្នុងអំឡុងឆ្នាំ២០១៥។ បន្ថែមពីលើព័ត៌មានដែលទទួលបានពីកម្មវិធីប្រគួតចម្រៀងខាងលើ ដែរ បេក្ខជនមកពីខេត្តបាត់ដំបងរូបនេះ ត្រូវបានអ្នកជិតដិតម្នាក់ទម្លាយដោយស្នើមិនបញ្ចេញឈ្មោះថា វីសារ គឺជាយុវជនម្នាក់ដែលរឹងមាំលើផ្នែកផ្លូវចិត្តខ្លាំង បន្ទាប់ពីហែលឆ្លងជីវិតកម្សត់លំបាកជាច្រើន ហើយជាមនុស្សដែលសាមញ្ញ មិនអំណួត ធ្វើអ្វីចេញពីចិត្ត មិនសម្តែង មិនកេងចំណេញ មិនរាប់អានសម្លឹងមើលតែផលប្រយោជន៍ និងមានទំនាក់ទំនងល្អបំផុតនឹងមនុស្សជុំវិញខ្លួន ខុសពីកន្លងទៅអ្នកខ្លះវាយតម្លៃត្រឹមតែទឹកមុខ ប៉ុន្តែកាន់តែចូលជិតកាន់តែគួរឲ្យគោរពស្រលាញ់។ ប្រភពថា ឆ្លងកាត់ជីវិតជាក្មេងកំព្រា តស៊ូព្យាយាម ស្រលាញ់ការសិក្សា មានចិត្តមុះមុតមិនបោះបង់ចោលក្តីស្រមៃទេ។ មានការលើកឡើងថា ទោះបីជាវីសាទទួលពានពីកម្មវិធីឬក៏អត់ ប៉ុន្តែអ្នកដែលបានស្គាល់ច្បាស់ពីគាត់សរសើរគាត់រួចទៅហើយថាគាត់ជាមនុស្សអស្ចារ្យដែលយុវជនជាច្រើនមិនអាចធ្វើបានដូចគាត់។
គេនៅបន្តរងចាំតាមដានបន្តទៀតថាតើជីវិតរបស់បេក្ខជនរូបនេះនឹងទៅជាយ៉ាងណា ហើយគេជឿជាក់ដែរថា មានទាំងរូបសម្បត្តិ អត្តចរិក និងទេពកោសល្យ បេក្ខជនរូបនេះនឹងមានលំនឹងក្នុងការងារសិល្បៈជាក់ជាមិនខាន៕
ដោយ វឌ្ឍនា