ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកលក់ស្ដូកស្ដឹងនៅតាមផ្លូវ ដោយសារតែស្រវឹងខ្លាំងពេក មិនអាចជិះម៉ូតូទៅមុខរួចក៏សម្រេចចិត្តឈប់ម៉ូតូ រួចប្រាស់ខ្លួនដេកនៅនឹងចិញ្ចើមផ្លូវតែម្តង បើទោះជាសមត្ថកិច្ចដាស់យ៉ាងណាក៏មិនក្រោក ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ១៩ កែងនឹងផ្លូវ១៨៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់នោះអាយុប្រហែលជាង៣០ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស ពាក់ស្លាកលេខ សៀមរាប 1H-4243 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩។ លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកែង ក៏ឈប់ម៉ូតូហើយដេកនៅចិញ្ចើមផ្លូវស្ដូកស្ដឹងតែម្តង បើទោះជាសមត្ថកិច្ចមកសួរនាំក៏មិនដឹងខ្លួនដែរ។ ពេលនោះសមត្ថកិច្ច ក៏មិនមានវិធានការអ្វីដែរគ្រាន់តែរង់ចាំបុរសនោះក្រោកឡើងវិញ ដើម្បីសួរនាំបន្ត ៕ វិបុល