ខេត្តសៀមរាប៖ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានអញ្ជើញបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ។
ក្នុងពិធីបើកយុទ្ធនាការនេះដែរ ដោយមានការចូលរួមពីលោកស្រីបណ្ឌិតសភាចា្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារតម្រង់ទិស និង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាផដែរ។
ជាក់ស្ដែងយោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនេះមានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។
បើតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី, ក្នុងពេលថ្មីៗនេះ នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ។ សំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត។
សូមជម្រាបថា យុទ្ធនាការនេះ នឹងមានកម្លាំងសរុបចំនួន ៧៧៩ រូប ចែកចេញជា ៣២ ក្រុម ក្នុងនោះ មន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤៣៩ រូប, មន្រ្តីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ២៣២ រូប និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន ១០៨រូប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ឯកសារស្ថិតិប្រជាពលរដ្ឋស្ថិតក្នុងតំបន់ការពារទី១ និងការពារទី២ នៃរមណីយដ្ឋានអង្គរដែលរៀបចំដោយអាជ្ញាធរជាតិអប្សរានាឆ្នាំ២០០៤-២០០៥ នឹងត្រូវប្រើប្រាស់ជាឯកសារគោល ដើម្បីពិនិត្យការកាន់កាប់ដី និងសំណង់ស្របច្បាប់ ឬមិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ។
ក្រុមការងារតម្រង់ទិសពិនិត្យលទ្ធភាពផ្តល់ដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ដោះស្រាយជាយថាហេតុ ជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាននៅទីតាំងលំនៅថ្មី។ ចំពោះអ្នកបន្តទន្រ្ទានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ នេះបើតាមសេចក្តីប្រកាសដដែល។
បន្ថែមពីនេះ ក្រុមការងារតម្រង់ទិស ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋនិងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ផ្តល់កិច្ចសហការជាមួយក្រុមការងារបច្ចេកទេសដែលចុះបំពេញភារកិច្ចនៅគ្រប់គោលដៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ៕
ដោយ៖សហការី