សម្ដេចក្រឡាហោមបង្ហើបស្នើដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យាលក់ក្របខណ្ឌនគរបាល

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២២សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ស្នើទៅ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យាលក់ក្របខណ្ឌនគរបាល ខណៈក្រសួងកំពុងធ្វើកំណែទម្រង់កងកម្លាំងនគរបាល។ ប៉ុន្តែសម្តេចមិនបានបញ្ចេញឈ្មោះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះទេ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និង​លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ​នៅទីស្ដីការក្រសួង សាធារណការ ​និងដឹកជញ្ជូន សម្ដេចក្រឡាហោមបាន ឱ្យដឹងថា ការប្រឡងជ្រើសរើស​ក្របខណ្ឌ​នគរបាល បើគ្មានតម្លាភាព គឺគ្មានន័យ ហើយបញ្ហាទាំងនេះ​សម្ដេច​ក៏បានយកចិត្តទុកដាក់បំផុត ដើម្បី​ពង្រឹងគុណភាព នៃការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល។

សម្ដេចក្រឡាហោម បានឲ្យដឹងទៀតថា មានអ្នកចង់ធ្វើ​ប៉ូលិស​ច្រើន​ណាស់ រួចនាំ​គ្នារត់ការ​ដើម្បី​ចូលធ្វើ​ប៉ូលិស ហើយផ្ដល់ថវិកាឲ្យគេជាមុន១ម៉ឺនដុល្លារ ឬ ៣ម៉ឺនដុល្លារ រួចហើយសន្យាថា ឆ្នាំក្រោយ​នឹងបានចូលធ្វើ​ប៉ូលិស។

សម្ដេចក្រឡាហោមបញ្ជាក់ថា ទោះបីជាសម្ដេចជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏គ្មាន​សិទ្ធិ​ចុះហត្ថលេខាផ្ដល់​ក្របខណ្ឌ ​ដោយ​គ្មានការប្រឡងនោះទេ។ សម្ដេចគ្រាន់តែមាន​សិទ្ធិអនុញ្ញាត​ឲ្យចូលប្រឡង ប៉ុន្ដែ​ប្រឡង ជាប់ ឬមិនជាប់​ គឺលើខ្លួនឯងពោលគឺសម្ដេច គ្មានសិទ្ធជួយឡើយ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «មន្ដ្រីត្រូវពិន័យ ថ្នាក់អនុរដ្ឋលេខាធិការ ខ្ញុំស្នើទៅ សម្ដេចតេជោដកគឺដកចេញ ដើរសន្យាគេតែម្ដង ខ្ញុំមិនហែកកេរ្តិ៍ទេ អាហ្នឹងត្រូវអារកាត់ធ្វើ បើមិនចឹងទេ ដើរសន្យាលក់ក្របខណ្ឌ អាហ្នឹងអត់បានទេ។ យើងកំពុងធ្វើកំណែ ទម្រង់នគរបាល ដើម្បីឈានទៅដល់មានគុណភាព ប្រសិទ្ធិភាព ​ដើម្បីបម្រើប្រជាពលរដ្ឋ»។

សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការហួសចិត្តចំពោះអ្នកជឿទុកចិត្តគេ ដើម្បីចូលធ្វើ​ប៉ូលិស។ យ៉ាង ណាក៏ដោយសម្តេចក្រឡាហោម​ ស ខេង បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទាំងនេះ​ កុំឲ្យចាញ់បោកគេតទៀត៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print