ខេត្តក្រចេះលែងកូនត្រីនិងមេពូជត្រីជាង៤ម៉ឺនក្បាលចូលក្នុងបឹងធម្មជាតិ(បឹងរំអិល)

ចែករំលែក៖

ខេត្តក្រចេះ៖ កូនត្រីនិងមេពូជត្រីជាង ៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តក្រចេះលែងចូល ទៅក្នុងបឹងធម្មជាតិ ដើម្បីអភិរក្ស និងឱ្យកាន់តែសម្បូរឡើងថែមទៀត សម្រាប់បំពេញតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅថ្ងៃមុខ ។

នៅព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានប្រារព្ធពិធីលែង កូនត្រីនិងមេពូជចំនួន ៤ម៉ឺនក្បាល ចូលទៅក្នុងបឹងធម្មជាតិឈ្មោះថាបឹងរំអិល ស្ថិតនៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ក្នុងន័យអបអរសាទរទិវា មច្ឆជាតិ ១ កក្កដា ក្រោមវត្តមានចូលរួមជាអធិបតីលោក ប៉ែន លីណាត អភិបាលរងខេត្ត រួមនិងប្រជានេសាទសហគមន៍ប្រមាណជាង ២០០ នាក់ ។

លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ដោយទទួលបាន ការអនុញ្ញាតពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ឱ្យរៀបចំទិវាមច្ឆជាតិថ្នាក់ខេត្តនៅក្នុង បឹងរំអិល ឃុំសំបុក ស្រុកចិត្របុរីនេះ ថ្ងៃនេះនឹងលែងកូនត្រីក្នុងស្រុក សរុបចំនួន ៤ ម៉ឺនក្បាល និងត្រី មេពូជចំនួន១៥ គីឡូក្រាម រួមមាន ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ ត្រីក្អែក អន្ទង់ ត្រីរ៉ស់ និងត្រីក្រាញ់ ចូលក្នុង បឹងរំអិល ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិឱ្យកាន់តែសម្បូរណ៍ឡើងថែមទៀត សម្រាប់ប្រើប្រាស់ ក្នុងសហគមន៍មូលដ្ឋាន ។ លោកបញ្ជាក់ទៀតថា ៖ បឹងរំអិលនេះ មានទំហំប្រមាណ ៣២ ហិកតា និងមានកន្លែងអភិរក្សត្រីមេពូជចំនួន ២,៥ ហិកតា ដោយមានទឹកទាំងរដូវប្រាំង និងរដូវវស្សា​ ហើយ សហគមន៍នេសាទ ដែលបានរៀបចំបង្កើតឡើងនៅឆ្នាំ២០០៩ មានសមាជិកសហគមន៍សរុបចំនួន ២០៧ នាក់ ស្មើនឹង១៥៤គ្រួសារ និង បានចុះបញ្ជីទទួលស្គាល់ជាផ្លូវការដោយប្រកាសលេខ ៦២៨ ប្រក.កសក នៅឆ្នាំ២០១១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា កំណើនប្រជាពលរដ្ឋ ក៏ដូចជាកំណើន ប្រជានេសាទ ដែលរស់នៅជុំវិញបឹងរំអិលនេះ មានការកើនឡើងយ៉ាងឆាប់រហ័ស បានដាក់សម្ពាធយ៉ាងធ្ងន់ បន្ថែមទៀត ធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់ធនធានជលផល និងធនធានធម្មជាតិផ្សេងៗទៀត ដែលស្ថិតនៅតែជាឧបសគ្គ ចម្បង ក្នុងការធ្វើឱ្យបានសម្រេចតាមផែនការប្រើប្រាស់អភិវឌ្ឍធនធានជលផល និងធនធានធម្មជាតិដទៃទៀត ប្រកបដោយចីរភាព ។ ដោយហេតុ នេះហើយ ទើបរាជរដ្ឋាភិបាលបានរៀបចំ កម្មវិធីកំណទម្រង់ គោលនយោបាយវិស័យ ជលផលដ៏ស៊ីជម្រៅមួយជាប្រវត្តិសាស្ត្រ ដោយបានលុបឡូត៍ នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាច ទៅឱ្យ សហគមន៍គ្រប់គ្រង និងប្រើប្រាស់ធនធាន ដោយផ្ទាល់ បានធ្វើឱ្យប្រជាកសិករអាចមានលទ្ធភាពចូលរួមយ៉ាងសកម្ម នៅក្នុងការសម្រេចចិត្ត និង រៀបចំផែនការកម្មវិធីអភិវឌ្ឍន៍នានា របស់មូលដ្ឋានរៀងៗខ្លួន ហើយរួមចំណែកទទួលខុសត្រូវ និងធ្វើ ជាម្ចាស់លើការគ្រប់គ្រងធនធានធម្មជាតិដោយខ្លួនឯង ។

ដូច្នេះសូមបងបប្អូនប្រជាសហគមន៍ សូមចូលរួម ថែរក្សាបឹងនេះឱ្យបានល្អទាំងអស់គ្នា កុំប្រើឧបករណ៍នេសាទល្មើសច្បាប់ ក្នុងការធ្វើនេសាទ ជាពិសេសគឺ ឧបករណ៍ឆក់ ស្បៃមុងជាដើម និង ខិតខំដាំដើមឈើបន្ថែមទៀត ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print