Update ៖ គួរឲ្យអាសូរពីរនាក់ប្តីប្រពន្ធសែ្វងរកការងារធ្វើជាកម្មករ តែចៃដន្យសម្រាលកូនក្នុងព្រៃដ៏កំសត់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើទោះជាមនុស្សសត្វពិតណាស់ថា មានញាណសារជាតិជានិច្ច ស្រលាញ់ អាណិតកូន​ដែលប្រសូត្រចេញពីផ្ទៃ ទោះអាក្រក់ ស្អាត ក្នុងស្ថានភាពមានឬក្រ លំបាកយ៉ាងណាក៏ដោយ។ ជាក់​ស្ដែង​ពិតជាគួរឲ្យសង្វេគដ៏ពន់ពេក កាលបើបានឃើញពីទិដ្ឋភាព ពីរនាក់ប្ដីប្រពន្ធ ព្រោះតែស្ថានភាពជីវភាព​រស់នៅប្រចាំថ្ងៃទីទ័លក្រ ស្ត្រីជាប្រពន្ធពពោះគ្រប់ខែទៅហើយ បែរជាសុខចិត្តមកតាមប្ដីដើម្បីស្វែងរកការ​ងារធ្វើ ជាកម្មករស៊ីឈ្នួលនៅតាមចម្ការនាព្រំដែន។ ប៉ុន្តែការស្វះស្វែងរកការងារធ្វើរបស់អ្នកទាំងពីរមិន​ទាន់និងបានផង ស្រាប់តែប្រពន្ធបានឈឺពោះរហូតដល់សម្រាលកូននៅក្នុងព្រៃ ដ៏កណ្ដោចកណ្ដែង តែ​សំណាងល្អឬធ្វើបុណ្យទទួលបានកុសល្យផលបុណ្យ ពីរនាក់ប្ដីប្រពន្ធ ក៏មានក្រុមគ្រូពេទ្យប្រកបដោយ​ចិត្តធម៌និងវិជ្ជាជីវៈ ក្រមសិលធម៌បានជួយយកអាសារ សង្គ្រោះឲ្យស្ត្រីដ៏កំសត់រួចផុតពីគ្រោះថ្នាក់ទាំង​ម្ដាយនិងកូន។

ហេតុការណ៍ដ៏កម្រនិងកើតមានបែបនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ព្រំដែន​កម្ពុជា-ថៃ ។

បុរសជាប្ដីបាននិយាយប្រាប់អ្នកស្រុកនិងក្រុមគ្រួពេទ្យក៏ដូចជាអាជ្ញាធរទាំងទឹកភ្នែកផងដែរថា ភរិយារបស់គាត់មានឈ្មោះ ឆូយ វន អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំឆករការ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ពួកគាត់ទាំងពីរនាក់មានកូនក្នុងបន្ទុកចំនួន៥នាក់ ហើយកូនដែលសម្រាលក្នុងព្រៃនេះជាកូនទី៦ ដោយ​ស្ថានភាពលំបាកគាត់និងភរិយាបានបង្ខំចិត្តចាកចេញពីផ្ទះ ដើម្បីស្វះស្វែងរកការងារ ធ្វើជាកម្មករស៊ី​ឈ្នួលនៅតាមព្រំដែន ។ បុរសជាប្ដីបន្តថា ភរិយាគាត់បានប្រាប់ថា មិនទាន់គ្រប់ខែនៅឡើយទេ ម្លោះ​ហើយក៏សម្រេចចិត្ថប្រឹងរកលុយ ដើម្បីទុកបម្រើការពេលប្រពន្ធឆ្លងទន្លេ មិនតែប៉ុណ្ណោះប្រពន្ធរបស់គាត់​ក៏បានសុំមកជាមួយធ្វើការងារទាំងអស់គ្នា។ ពេលចេញពីផ្ទះជិះឡានឈ្នួលមកដល់ស្រុកភ្នំព្រឹក ខណៈ​ភរិយាមានការហេវហត់ គាត់ក៏បានទៅទិញបាយនិងទឹកញ៉ាំនិងដើរស្វែងរកការងារ ប៉ុន្តែមិនទាន់រកបាន​ធ្វើផងប្រពន្ធរបស់គាត់ក៏ត្អូញត្អែឈឺពោះសម្រាកកូន។ ឃើញទឹកមុខប្រពន្ធឈឺចាប់ទ្រាំនិងការពពោះនេះ​ហើយភ័យផងនោះ គាត់ក៏បាននាំប្រពន្ធចេញពីក្នុងព្រៃដើម្បីដើរសំដៅទៅកាន់ភូមិអ្នកស្រុក សុំការស្នាក់​អាស្រ័យ។ តែមិនទាន់ដល់ភូមិផងប្រពន្ធរបស់គាត់ក៏បានសម្រាលកូននៅចំកណ្ដាលព្រៃ ឆ្លេឆ្លារកអ្នក​ស្រុកឲ្យជួយ ដោយគាត់បានរត់ទៅសំពះអ្នកនៅជិតភូមិឲ្យជួយប្រពន្ធរបស់គាត់។ ពេលនោះអ្នកភូមិក៏​ភ្ញាក់ផ្អើលនិងនាំគ្នាមកមើល និងជួយ ខ្លះទៀតប្រកបដោយចិត្តធម៌រត់ទៅជួយហៅគ្រូពេទ្យឲ្យមកជួយ​សម្រាលបានទាន់ពេលវេលា ។

ប្រជាពលរដ្ឋនិយាយថា ភ្លាមៗនោះមានគ្រូពេទ្យចំនួន២នាក់បានមកកាន់ទីតាំងកន្លែងស្ត្រីកំពុងឈឺពោះ​ឆ្លងទន្លេក្នុងព្រៃ ទើបការជួយសង្គ្រោះនេះប្រើពេលត្រឹម១០នាទីប៉ុណ្ណោះក៏ធ្វើឲ្យស្ត្រីដ៏កំសត់សម្រាលកូន​រួចផុតពីគ្រោះថ្នាក់។

ទឹកចិត្តអ្នកភូមិ ពេលឃើញស្ត្រីសម្រាលកូនក្រខ្សត់ គួបផ្សំនិងប្ដីចេះលើកដៃសំពះទៅកាន់អ្នកភូមិឲ្យជួយ​ជាមួយនិងទឹកភ្នែកនោះ មិនត្រឹមតែក្រុមគ្រូពេទ្យនិងអ្នកភូមិមកជួយសង្គ្រោះយកអាសារប៉ុណ្ណោះទេ ពួក​គាត់ក៏បាននាំគ្នាប្រមែប្រមូលជាថវិកា តិចក្ដី ច្រើនក្ដី មានម្នាក់ ២,០០០រៀល, ៥,០០០រៀល និង ១០,០០០​​រៀល សរុបបានចំនួន ៣៤៨,០០០រៀល ប្រគល់ទៅឲ្យប្ដីសម្រាប់យកទៅចាត់ចែងដោះស្រាយ​ថ្លៃបាយនិងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោក ប៊ូ កុសល ជាគ្រូពេទ្យប្រចាំមណ្ឌលសុខភាពរស្មីសាមគ្គី នៃស្រុកភ្នំព្រឹកបានបញ្ជាក់ថា ក្រោយពី​មានការរាយរាប់ពីប្រជាពលរដ្ឋអំពីហេតុការណ៍នេះ គាត់ក៏បានឲ្យក្រុមគ្រូពេទ្យចុះទៅកាន់ទីនោះ ដោយ​ស្មារតីយកចិត្តទុកដាក់ ធ្វើយ៉ាងណាសង្គ្រោះជនរងគ្រោះទាំងម្ដាយនិងកូនឲ្យបានទាន់ពេលវេលា។ លោកបន្តថា ខ្ញុំរីករាយនិងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ គាត់មានការទទួលខុសត្រូវគោរពភារកិច្ច​ តួនាទី ប្រកបតាមវិជ្ជាជីវៈ និងមានចិត្តសណ្ដោសជួយគ្នាទៅវិញទៅមកសម្រាប់គ្រាមានអាសន្ន។

បន្ទាប់ពីសម្រាលកូនក្នុងព្រៃរួច ក្រុមគ្រួពេទ្យបានបញ្ជាក់ថា​ ស្ត្រីសម្រាលកូនមានសុខភាពល្អធម្មតាទេ​ ហើយកូនស្រីទី៦កើតក្នុងព្រៃដ៏កម្សត់នេះមានទម្ងន់ ១.៧គីឡូក្រាម ត្រូវបានពួកគាត់ហៅរថយន្តដឹកយក​ទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕

2fda8070-52d1-43a7-b4a1-ae5aa0d8fc35

6a1657f8-d8b4-4de8-a4a4-361057dba605

27e2cdd5-f6d5-417b-b120-11a7def92e27

d558e4a6-d09f-46c0-a8a5-69f49376e13b

f8f4a780-d49b-4122-807e-cec407087e01

1b0f1170-85ad-4864-9ab3-5d60ce0ef8c9

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print