ភ្នំពេញ : លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា, លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ បានដាក់ពាក្យបណ្តឹងគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០២១។
លោកបន្តថា, គាត់បានប្រាប់ខ្ញុំថាកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់គាត់ស្ថិតនៅខេត្តកណ្តាល ដែលដីនោះគាត់ជាអ្នកទិញនិងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅតាំងពីឆ្នាំ ១៩៨៥។ នៅឆ្នំា ២០០៦ ទើបគាត់ដឹងថាកូនស្រីលួចធ្វើប្លង់យកទាំង២។ គាត់បានប្តឹងទាមទារតវ៉ាតាំងពីឆ្នាំ ២០០៦ ហើយកូនគាត់ក៏បានផ្តិតមេដៃលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីប្រគល់មកអោយលោកតាវិញ។ ប៉ុន្តែក្រោយមកកូនគាត់បានប្តឹងយកពីគាត់ទៅវិញ។
លោក ដួង តារា បានលើកឡើងថា, តាមការពិនិត្យឯកសារសំណុំរឿងរដ្ឋប្បវេណីកាលពីខែមីនា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកណ្តាលគឺបានសម្រេចសេចក្តីឲ្យលោកតាចាញ់ក្តី។ ប៉ុន្តែលោកតាមិនសុខចិត្តក៏បានប្តឹងឧទ្ធរណ៍ដែលទទួលបានយុត្តិធម៌កាលពីខែមីនា ឆ្នាំ២០២២ ដោយសាលាឧទ្ធរណ៍ភ្នំពេញសម្រេចលុបចោលសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល ហើយបង្គាប់ឲ្យកូនប្រសារ និងកូនបង្កើតរុះរើសម្ភារៈចេញពីដីទំនាស់ ។ ប្រសិនបើភាគីកូនបង្កើតមិនបន្តជាមួយឪពុក ករណីនេះនឹងចប់។ ប៉ុន្តែបើកូនបន្តទៅកំពូល ខ្ញុំនៅបន្តផ្តល់មេធាវីដើម្បីជួយការពារក្តីលោកតាលុះដំណាក់កាលចុងក្រោយ។ ពេលនេះស្ថានភាពសុខភាពលោកតាមានសភាពទ្រុឌទ្រោមគួរអោយអាណិតយ៉ាងខ្លាំង។ យើងចូលរួមកសាងអំពើល្អទាំងអស់គ្នា! ៕
ដោយ : សុខ ខេមរា