លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅតាមស្រុកមួយចំនួននៅក្នុងខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ : នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់អោយដឹងថា, លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២២ ខែសីហានេះ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅតាមស្រុកមួយចំនួននៅក្នុងខេត្តព្រះវិហារ។

លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្ពស់បំផុត​ចំពោះប្រជាពលរដ្ឋរងគ្រោះ ហើយចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យរូបលោក ត្រូវតែមានវត្តមាន​នៅកន្លែងរងគ្រោះ និងត្រៀមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាក្នុងគ្រាទឹកជំនន់នេះ។

នៅក្នុងដំណើរចុះពិនិត្យការជន់លិច និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការ​យកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការខ្វះខាតរបស់​ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ។

លោកទេសរដ្ឋមន្ត្រី បានឱ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើការស្រង់ទិន្នន័យផលដំណាំសន្ទូង​ស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយត្រូវត្រៀមលក្ខណៈក្នុងការ​បង្កបង្កើនផលឡើងវិញ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print