ខេត្តក្រចេះ : បុរសម្នាក់ជាជនរងគ្រោះកំពុងអង្គុយលេងសុខៗជាមួយក្រុមគ្រួសារ ស្រាប់តែមានជនសង្ស័យដែលរស់នៅផ្ទះក្បែរគ្នាទាញដាវដើរសំដៅទៅកាប់លើជនរងគ្រោះត្រូវជាច្រើនកន្លែង ហើយក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ចំពោះអំពើហិង្សានេះគេសង្ស័យថាជារឿងគំនុំ ទើបជនដៃដល់ហ៊ានធ្វើដល់ថ្នាក់នេះ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ហេតុការណ៍ប្រើអំពេីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីវេលាម៉ោង១៩ៈ០០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។
បើតាមរបាយការណ៍របស់អធិការ
ដ្ឋាននគរបាលស្រុកសំបូរបានឱ្យដឹងថាជនរងគ្រោះឈ្មោះ មីក សបអុី ភេទប្រុស អាយុ៤២ឆ្នាំ ជនជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។
ចំណែកជនសង្ស័យឈ្មោះម៉ាន់ ហួរសាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាមដូចគ្នា មានទីលំនៅភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។
តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះមីក សបអុី កំពុងអង្គុយលេងជាមួយក្រុមគ្រួសារ ពេលនោះជនសង្ស័យឈ្មោះម៉ាន់ ហួរសាន់ បានដេីរសំដៅមក
រកជនរងគ្រោះ ដោយមានកាន់ដាវមកជាមួយផង ហើយពេលដើរមកដល់កៀកជនសង្ស័យបានកាប់ទៅលេីជនរងគ្រោះ បណ្ដាលឱ្យរងរបួសជាទម្ងន់ដោយជនរងគ្រោះមិនបានដឹងខ្លួនមុន។ បន្ទាប់មកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង ។ ចំណែកជនសង្ស័យក្រោយពីធ្វេីសកម្មភាពរួច ក៏បានរត់គេចខ្លួនចូលទៅទឹកដីខេត្តស្ទឹងត្រែងនៅចំណុចភូមិវាលរំពេ ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីគេចខ្លួនពីសំណាញ់ច្បាប់។
បច្ចុប្បន្នកម្លាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគបាលស្រុកសំបូរ ខេត្តក្រចេះ កំពុងសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង ចុះធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ យកមកចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា: នៅចំណុចកើតហេតុខាងលើគឺស្ថិតនៅជាប់ព្រំប្រទល់ទឹកដីស្រុកសៀមបូក និងស្រុកសេសាននៃខេត្តស្ទឹងត្រែង ងាយស្រួលជនល្មើសឬជនដៃដល់ចល័តខ្លួនក្រោយធ្វើសកម្មភាពល្មើសច្បាប់ផ្សេងៗរួច ចូលមកពួនសម្ងំលាក់ខ្លួនគេចពីសំណាញ់ច្បាប់។ តែទោះបីជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា សម័យនេះជនដៃដល់មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ព្រោះឈាមស្រែកស្បែកហៅ ដូចពាក្យស្លោកមួយពោលថា: កុកអាចភ្លេចជុង តែជុងមិនអាចភ្លេចកុកបានឡើយ៕
ដោយ:មាស សុផាត