ក្មេងស្រីសិស្សសាលាម្នាក់លង់ទឹកស្លាប់គួរឱ្យសង្វេគ

ចែករំលែក៖

ភ្នំពេញ ៖ សំឡេងស្រែកទ្រហោយំរបស់ម្ដាយ និងសាច់ញាតិបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្មេងស្រីសិស្សសាលាម្នាក់បានលង់ទឹករណ្ដៅមួយកន្លែងស្លាប់ កាលពីវេលាម៉ោង៦ និង១០នាទីល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងសិលា សង្កាត់ព្រៃវែង ខណ្ឌដង្កា។
ក្មេងស្រីរងគ្រោះមានឈ្មោះ ស៊ុំ សេងហួលី អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៅសាលាត្រពាំងសិលា ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។
តាមប្រភពពីម្ដាយក្មេងស្រីរងគ្រោះបានឱ្យដឹងថា កូនស្រីរបស់គាត់បានចេញពីផ្ទះទៅសាលារៀនដូចសព្វដងនិងតែងតែត្រលប់មកផ្ទះវិញជារៀងរាល់ថ្ងៃ ស្រាប់តែនៅថ្ងៃកើតហេតុមានក្មេងដែលរៀនជាមួយគ្នាបានមកប្រាប់ថាកូនស្រីរបស់គាត់បានលង់ទឹកលិចបាត់ខ្លួនទៅហើយ ។
តាមប្រភពពីមិត្តភក្តិដែលទៅលេងទឹកជាមួយគ្នាបានឱ្យដឹងថា ពួកខ្លួនមានស្រីមានប្រុសជាង១០នាក់ ក្រោយចេញពីសាលារៀនបាននាំគ្នាទៅលេងទឹករណ្ដៅដីមួយកន្លែងនេះ ស្រាប់តែលង់៣នាក់ត្រូវបានមិត្តភក្តិជួយស្រង់បាន២នាក់ រីឯម្នាក់ទៀតបានលិចទៅក្នុងទឹកបាត់។ដោយមិនអាចជួយមិត្តភក្តិម្នាក់នោះបាន ពួកខ្លួនក៏នាំគ្នារត់មកប្រាប់ម្ដាយជនរងគ្រោះ។
ពេលទទួលបានដំណឹងនេះភ្លាមស្ត្រីជាម្តាយនិងបងប្អូនរស់នៅជិតខាងបាននាំគ្នាចុះទៅរាវក្នុងទឹករណ្ដៅដីក៏ប្រទះឃើញសពក្មេងរងគ្រោះខាងលើ ហើយបានស្រង់មកលើគោក តែជាអកុសលក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏យកសពជនរងគ្រោះមកផ្ទះ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើកោសល្យវិច័យតែម្ដង ។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានពិនិត្យ ធ្វើកោសល្យវិច័យរួចក៏បានបញ្ចាក់ថា សពក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចបានប្រគល់សពឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print