ក្មេងស្រីម្នាក់ស្លាប់ដោយត្រូវឪម៉ាល់ទិចរាប់សិបទំនិចនៅក្រុងស្វាយរៀង ហើយក្រុមគ្រួសារអះអាងថាគ្រូពេទ្យមិនយកចិត្តទុកដាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ បន្ទាប់ពីត្រូវសត្វឪម៉ាល់ជាច្រើនមេទិចនៅលើដៃទាំងសងខាង ជើងទាំងសងខាង នៅលើក្បាល និងដងខ្លួន ហើយដោយសារស្ថានភាពធ្ងន់ធ្ងរពេកទើបត្រូវបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅពាក់កណ្ដាលផ្លូវខណៈដែលក្រុមគ្រួសារអះអាងថាគ្រូពេទ្យមិនយកចិត្តទុកដាក់ដល់កូនស្រីរបស់ខ្លួន។

    បើតាមសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២២ថា ក្មេងស្រីដែលស្លាប់មានឈ្មោះធឿន  ចន្ថា  អាយុ៧ឆ្នាំ រៀននៅសាលាបឋមសិក្សា២ធ្នូមានម្ដាយឈ្មោះ ហ៊ូ ស៊ីណា អាយុ ៣៦ឆ្នាំ  និង​ឳពុកឈ្មោះ ខៀវ ថេន អាយុ ៣៥ឆ្នាំ រស់នៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។

    ប្រភពបន្តថា នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០២២ ក្មេងស្រីឈ្មោះ ធឿន ចន្ថា បានជិះកង់ទៅលេងនៅវាលស្រែទៅតាម​ជីតាដែលទៅឃ្វាលគោនៅមាត់បឹងតាបែន មានចម្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រ។  ខណៈដែលនាងកំពុងជិះកង់ទៅដល់ភ្លឺបឹង ស្រាប់តែមានខ្យល់​យ៉ាងខ្លាំងបោកបក់បណ្តាលឱ្យដាច់ធ្លាក់សំបុកឪម៉ាល់ពីលើចុងត្នោត ធ្លាក់មកដីទាំងសំបុកប៉ុន​ល្អី​គ្រាងចំពីមុខកង់ជនរងគ្រោះ រំពេចនោះស្រាប់តែសត្វឪម៉ាល់ហើរ​ចេញពីសំបុកមកព្រួតទិច​លើខ្លួនប្រាណនាងឡើងសុសខ្លួន។

     ក្រោយមកក្មេងស្រីខាងលើបានរត់ទៅឱ្យជីតារបស់ខ្លួនជួយ ទើបបង្កការភ្ញាក់ផ្អើលពេញភូមិនិងប្រញាប់ប្រញាល់ដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញហើយបានស្លាប់នៅពាក់កណ្ដាលផ្លូវគួរឱ្យសង្វេគ។

     បើតាមក្រុមគ្រូពេទ្យបានបំភ្លឺថា ជាតិពិសរបស់សត្វឪម៉ាល់បានជ្រាបទៅលើសរីរាង្គសំខាន់ៗរបស់ក្មេងស្រីខាងលើគ្រប់ទីកន្លែងដូចជា តម្រងនោម ខួរក្បាល បេះដូង ប្រព័ន្ធដកដង្ហើម ប៉ុន្ដែក្រុមគ្រូពេទ្យនៅតែបន្តការព្យាបាលដោយយកចិត្តទុកដាក់ និងពន្យល់ដល់ក្រុមគ្រួសារសពពុំអាចធ្វើការបញ្ជូនបានទេ ព្រោះអាចបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់តាមផ្លូវ។

    ក្រោយពីការសង្រ្គោះអស់រយៈពេលជាង២ម៉ោងស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ។

លុះមកដល់វេលាម៉ោង២០:១០នាទី ដោយមានការទទូចស្នើសុំពីក្រុមគ្រួសារ ខ្លាំងពេកទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តធ្វើការបញ្ជូនអ្នកជំងឺតាមរថយន្ដសង្រ្គោះទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាំងស្ថានភាពនៅតែធ្ងន់ធ្ងរដែលបានទៅដល់មន្ទីរពេទ្យនៅវេលាម៉ោង២២:១៥នាទី។ សាកសពកុមារីត្រូវបានរថយន្តសង្គ្រោះដឹកជូនដល់លំនៅឋានដោយពុំគិតថ្លៃសេវាដឹកជញ្ជូន​ រីឯថ្លៃសេវាដឹកបញ្ជូនទៅសង្គ្រោះនៅភ្នំពេញក៏បានប្រគល់ជូនដល់ក្រុមគ្រួសារនៃសពដើម្បីជាការចូលរួមរំលែកទុក្ខផងដែរ ៕

  

ដោយ៖ សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print