កាលពីថ្ងៃទី២៣ខែសីហា ឃ្លាំងគ្រាប់រំសេវនៅភាគខាងត្បូង ប្រទេសរុស្ស៊ី ជិតព្រំដែនអ៊ុយក្រែន បានផ្ទុះឆេះយ៉ាងខ្លាំង ។ នេះគឺជាករណីផ្ទុះឆេះលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍។ នៅពេលនេះមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះឆេះនៅឡើយទេ។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បានឱ្យដឹងថា ពលរដ្ឋនៅក្នុងភូមិ Timonovo ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្រោយពីការផ្ទុះឆេះយ៉ាងខ្លាំងមក។ ប៉ុន្តែមិនមានករណីរងរបួសនោះឡើយ។
កាលពីសប្តាហ៍កន្លងមក ពលរដ្ឋរស់នៅក្នុងតំបន់Timonovo និង Soloti មានចម្ងាយពីប្រទេសអ៊ុយក្រែនប្រមាណ១៥គីឡូម៉ែត្រ ក៏មានករណីផ្ទុះឃ្លាំងគ្រាប់ដែរ ហើយពលរដ្ឋជាច្រើនក៏ត្រូវបានជម្លៀសចេញពីភូមិទៅកាន់តំបន់មានសុវត្ថិភាព។
លោក Gladkov កន្លងមកបានចោទប្រកាន់ទៅលើប្រទេសអ៊ុយក្រែនជាអ្នកបង្កឱ្យមានករណីផ្ទុះខាងលើ។ ទីតាំងផ្ទុះនោះស្ថិតនៅចម្ងាយពីទីក្រុងមូស្គូ៦៥០គីឡូម៉ែត្រ ។ ប៉ុន្តែទីក្រុងកៀវបានច្រានចោលការចោទប្រកាន់ខាងលើ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី ២៣ខែសីហាថា « ក្នុងពេលប៉ុន្មានខែខាងមុខយើងនឹងដឹងថា អាវុធនៅក្នុងឃ្លាំងរបស់រុស្ស៊ីបានផ្ទុះដោយសារតែអាកាសធាតុត្រជាក់ដែរឬទេ។ មូលហេតុចំនួន៥ដែល ដែលបង្កឱ្យមានករណីផ្ទុះនៅរុស្ស៊ី នោះគឺ រដូវរងា និទាឃរដូវ រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងការជក់បារី»៕ ដោយធីរីណា
រូបថត :m.soha.vn