កាកបាទក្រហមកម្ពុជា និងប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមនុស្សធម៌ …!!

ចែករំលែក៖

ភ្នំពេញ ៖ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបសវនការ និងសំណេះសំណាលជាមួយ លោក  Juan Pedro Schaerer ប្រធានប្រតិភូអាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា-ថៃ-ឡាវ-វៀតណាម និងលោកស្រី Dena Fisher ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមនុស្សធម៌ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តមអគ្គលេខាធិការរងទី២ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានថ្លែងអំណរគុណចំពោះ អាយ.ស៊ី.អរ.ស៊ី. ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយកាកបាទក្រហមកម្ពុជា ក្នុងគ្រប់ស្ថានភាពនយោបាយ ហើយជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាមរូបភាពផែនការប្រចាំឆ្នាំ ជួយបច្ចេកទេសពង្រឹងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និងការអនុវត្តកម្មវិធីជាក់លាក់ដូចជា ផ្សព្វផ្សាយលើកកម្ពស់គោលការណ៍គ្រឹះ ការចុះសួរសុខទុក្ខអ្នកទោស ការងារស្តារទំនាក់ទំនងគ្រួសារជាដើម។

ជាមួយគ្នានោះដែរ បន្ទាប់ពីស្តាប់បទបង្ហាញស្តីពី សកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា, លោក Juan Pedro Schaerer បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលបានបង្កើតយុទ្ធសាស្ត្រ២០២១-២០៣០ ដោយបានកំណត់អំពីវិស័យអាទិភាព និងទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ ក៏ដូចជាផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ដែលទាំងនេះគឺជាមាគ៌ាបង្ហាញផ្លូវក្នុងការអនុវត្តសកម្មភាពការងាររយៈពេល ១០ឆ្នាំ។ ទន្ទឹមនឹងនេះ លោក Pedro Schaerer ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាស និងអនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់របស់ អាយ.ស៊ី.អរ.ស៊ី. បានចូលរួមក្នុងការងារអាទិភាពចំនួន៥ ជាមួយកាកបាទក្រហមកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយដែលក្នុងនោះរួមមាន ៖ 

១. ការងារស្តារទំនាក់ទំនងគ្រួសារ, 

២. ការការពារបដិរូប លើកកម្ពស់គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ, 

៣. សុវត្ថិភាពសហគមន៍ និងពិការភាព, 

៤. បន្តតាមដានការរីកចម្រើននៃការអនុវត្តក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព និង៥. ការងារផ្សព្វផ្សាយពីជំងឺកូវីដ-១៩។ 

ជំនួបនេះបានប្រព្រឹត្តទៅប្រកបដោយក្តីសោមនស្សរីករាយ សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print