គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិទាំងអស់​ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល​តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយលោក កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានផ្នែក និងសមាជិក សមាជិកាផ្នែកឃោសនាអប់រំ​ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ​ បានអញ្ជើញសួរសុខទុក្ខលោក ប៊ុន អ៊ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យចាស់ហើយមានជំងឺកំពុងព្យាបាលនៅគេហដ្ឋាន ។

នាឱកាសនោះ​ លោក​ ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេច លោក លោកស្រី​ ដែលជាថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ រួមជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ប៊ុន អ៊ុយ និងក្រុមគ្រួសារ។

លោក ចាយ បូរិន ប្រធានប្រតិភូ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេច និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ ទាំងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ។

លោកប្រធានប្រតិភូ បានសម្តែងការកោតសរសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់លោក ប៊ុន អ៊ុយ និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែក កសាងអភិវឌ្ឍន៍ ប្រទេសជាតិស្ទើរមួយជីវិតនៅក្នុងស្ថាប័ន នីតិប្រតិបត្តិ ដូចជាធ្លាប់បានបម្រើការងារជាមន្រ្តី -ជាឧបការីខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្រ្តី ជាអនុរដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការក្រុមប្រឹក្សារដ្ឋមន្ត្រី ជារដ្ឋលេខាធិការ -ជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

សូមរម្លឹកថា លោកបណ្ឌិត ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទំាងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺត្រូវសហការគ្នាចុះសួរសុខទុក្ខ ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថា ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន បានធ្វើពលិកម្មដ៏ធំធេងនិងសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយុវជនជាអ្នកបន្តវេនត្រូវសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំថែរក្សា មរតកដ៏ថ្លៃថ្លា និងកសាងឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ រួមជាមួយសមាជិក សមាជិកាប្រតិភូផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាលបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា​ជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនលោក ប៊ុន អ៊ុយ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាលោក ប៊ុន អ៊ុយ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ។

ជាមួយគ្នានោះ​ លោក ប៊ុន អ៊ុយ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិតពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ ស័កិ្កសមជា អ្នកបន្តវេន ពោរពេញដោយគុណធម៌ សមត្ថភាព ចំណេះដឹង ជាទំពំាងស្នងឫស្សីរបស់គណបក្ស និងប្រទេសជាតិទៅថ្ងៃអនាគត៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print