ខេត្តកណ្ដាល: យុវជនម្នាក់ព្រោះតែខឹងសង្សាររបស់ខ្លួនមានគេចូលស្ដីដណ្តឹងស្រាប់តែបែកគំនិតឆាតរូបអាសអាភាសសង្សាររបស់ខ្លួនផ្ញើទៅឱ្យបុរសជាគូដណ្ដឹងខាងស្រីមើល ទីបំផុតត្រូវបានឪពុកម្ដាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០២២ វេលាម៉ោង០៦និង៣០នាទី នៅចំណុចភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ហុង ម៉េងហួង ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO ពណ៌ស(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះនិងជនសង្ស័យមានទំនាក់ទំនងស្នេហាគ្នាអស់រយៈពេលជាង០២ឆ្នាំមកហេីយ ដោយបានរួមភេទជាមួយគ្នាជាច្រើនដង ហើយបានថតរូបវីដេអូពេលរួមភេទទុកក្នុងទូរស័ព្ទទៀតផង។ លុះមកដល់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ វេលាម៉ោង០៨ព្រឹកមានយុវជនម្នាក់បានឱ្យឪពុកម្តាយនិងបងប្អូនមកសួរនាំឪពុកម្តាយខាងស្រីដើម្បីចូលស្តីដណ្តឹង ហេីយនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានប្រាប់ជនសង្ស័យថាមានគេមកចូលស្ដីដណ្ដឹងខ្លួន ខណៈនោះជនសង្ស័យបាននិយាយថាបើគេល្អជាងបងអូនយកគេចុះ។ រហូតមកដល់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២២វេលាម៉ោង០៦និង៣០ព្រឹក ជនសង្ស័យក៏បានផ្ញើរូបភាពនិងវីដេអូរួមភេទជាមួយជនរងគ្រោះនៅក្នុងផ្ទះសំណាក់ចូលក្នុងឆាតរបស់គូដណ្តឹងជនរងគ្រោះ រួចហើយយុវជនជាគូដណ្តឹងក៏បានផ្ញើរូបភាពនិងវីដេអូរួមភេទឱ្យជនរងគ្រោះមើល ខណៈនោះជនរងគ្រោះក៏បានប្រាប់ឪពុកម្ដាយរបស់ខ្លួនឱ្យដឹង ហើយក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលឱ្យជួយធ្វើអន្តរាគមន៍ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផ្ញើរូបភាពនិងវីដេអូរួមភេទជាមួយជនរងគ្រោះទៅឱ្យគូដណ្តឹងរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាងជ័យ