ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តរឿងសង្សារសុំបែកបានយកខ្សែនីឡុងឡើងទៅលើបន្ទប់ជាន់ទី២ ដើម្បីចងកសម្លាប់ខ្លួន។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៧និង ២០នាទីយប់ថ្ងៃទី២៧ខែសីហាឆ្នាំ ២០២២ នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនោះមានឈ្មោះវៀត ណៃ
អាយុ២៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានមុខរបរជាកម្មករសំណង់។
បើតាមសម្តីរបស់ក្រុមគ្រួសារសពបានឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុកូនរបស់គាត់បានចេញពីធ្វើការមកផ្ទះវិញដូចសព្វមួយដង ។ ពេលមកដល់ផ្ទះក៏មាននារីម្នាក់ត្រូវជាសង្សាររបស់ជនរងគ្រោះ បានខលមកនិយាយគ្នាជាធម្មតា លុះ មួយសន្ទុះក្រោយមកស្រាប់តែបុរសរងគ្រោះបានឡើងទៅលើបន្ទប់ជាន់ទី២ យកខ្សែទៅចងកសម្លាប់ខ្លួន ហើយមុននឹងសម្លាប់ខ្លួនជនរងគ្រោះក៏បានខលវីដេអូនិយាយជាមួយសង្សារថា បើអូនមិនជឿចិត្តបង បងនឹងចងកសម្លាប់ខ្លួនឱ្យអូនមើល។
ក្រុមគ្រួសារបានបន្តទៀតថា ពេលបាត់កូនមួយសន្ទុះមក ពួកគាត់ក៏បាននាំគ្នាឡើងទៅបន្ទប់ជាន់ទី២ ក៏ឃើញកូនរបស់គាត់បានចងកនឹងចម្រឹងដែកទ្វារ ពេលនោះឪពុកក៏បានស្រាយទម្លាក់ ហើយសង្គ្រោះបឋម តែកូនរបស់គាត់បានស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានបុរស្នម្នាក់បានធ្វើអត្តឃាតដោយចងកនោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ក៏បានចុះទៅដល់កន្លែងហេតុ បានរាយការណ៍ ទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសព។ ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះឡើយ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ