ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងឱ្យដឹងនៅព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះថា៖ តាមការស្នើសុំរបស់អនុព័ន្ធប៉ូលីស អមស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអន្តរាគមន៍ជួយសង្គ្រោះរំដោះជនជាតិថៃចំនួន៨នាក់។
អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះ បានថ្លែងបន្តថា៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃ ចំនួន០១នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃ ចំនួន០៧នាក់។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់បន្ថែមថា តាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យកម្លាំងជំនាញស្រាវជ្រាវព័ត៌មាន និងសន្តិសុខ បញ្ជូនជនជាតិថៃទាំង៨នាក់ ទៅប្រគល់ជូននគរបាលអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីប្រគល់ជូនភាគីថៃ។ ប៉ុន្តែដោយសារក្នុងចំណោមជនជាតិថៃចំនួន៨នាក់ មាន៤នាក់ បានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ភាគីថៃបានស្នើសុំឱ្យកងរាជអាវុធហត្ថ ជួយថែទាំ និងព្យាបាលជនជាតិចំនួន៤នាក់នោះសិន ពេលជាសះស្បើយជំងឺកូវីដ១៩ ទើបភាគីថៃ ទទួលយកទៅប្រទេសថៃវិញ។
ដោយឡែកជនជាតិថៃ៤នាក់ទៀត ដែលមិនមានជំងឺកូវីដ១៩នោះទេ ត្រូវបានភាគីថៃទទួលយកទៅប្រទេសថៃវិញ៕ដោយ៖សហការី