លោករដ្ឋមន្ត្រី វេង សាខុន ជួបពិភាក្សាជាមួយ លោក Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង ១៦:០០ ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃរដ្ឋអ៊ីស្រា អែល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងសហការីបានជួបពិភាក្សាជាមួយ លោក Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល។

ជាបឋម តាមរយ:លោក Oded Forere និងលោក Janathan Tzedakah តំណាងឲ្យក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល តាមរយ:ក្រសួងការបរទេស និងក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល ដែលបានផ្តល់កិច្ចសហ ប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាលើការអភិវឌ្ឍវិស័យកសិកម្មយ៉ាងល្អប្រសើរជារួម និងដោយឡែកការអភិវឌ្ឍធនធានមនុស្សតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយ សរុបមាន      និស្សិតចំនួន ១ ៤៦៩នាក់។  លោកបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរពិតជាបានរឹតថែមមួយកម្រឹតទៀតដោយថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់/ឆ្នាំ។ បច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរួមចំណែក និងចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែលដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយ:កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវិស័យសាកវប្បកម្មកម្ពុជាបាននិងកំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ឧទាហរណ៍ផ្ទះសំណាញ់បាននិងកំពុងរីកដុះដាលនៅទូទាំងប្រទេស ប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំ និងបន្លែបាននិងកំពុងអនុវត្តយ៉ាងទូលំទូលាយ។ ជាងនេះទៅទៀត មាននិស្សិតមួយចំនួនបាននិងកំពុងដំណើការអាជិវកម្មកសិកម្មដោយខ្លួនគេផ្ទាល់ នេះសរបញ្ជាក់ឲ្យឃើញថានិស្សិតបានបោះជំហានពីកសិករទៅជាកសិ-ធុរកិច្ចជាបន្តបន្ទាប់សម្រាប់ពេលអនាគត។ សម្រាប់ជំហានបន្ទាប់នៃកិច្ចសហប្រតិបត្តិការ លោករដ្ឋមន្រ្តីបានលើកសំណើជូនឯកឧត្តមរដ្ឋមន្ត្រី Oded Forer និងក្រសួងការបរទេសឲ្យពិចារណា និងពិនិត្យលទ្ធភាពជួយឧបត្ថម្ភមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្មដែលរដ្ឋអ៊ីស្រាអែលឈានមុខមានដូចជាប្រព័ន្ធស្រោចស្រព ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងកសិ-ធុរកិច្ច។ 

លោករដ្ឋមន្ត្រី Oded Forer បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពន៍នៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណឹងដែលនិស្សិតកម្ពុជាទទួលបានជោគជ័យនាពេលពួកគាត់បញ្ចប់កម្មសិក្សានៅប្រទេសអ៊ីស្រាអែល ហើយបានយកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងនោះដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី Oded Forer បន្ថែមថា ការផ្តល់កម្មសិក្សាជូននិស្សិតកម្ពុជានេះគឺគ្រាន់តែជំហានដំបូង និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំហានបន្ទាប់គឺត្រូវផ្សាភ្ជាប់វិស័យឯកជនរបស់ប្រទេសទាំងពីរ ជាក់ស្តែងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះតែម្តង។ ចំពោះករណីស្នើសុំបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្ម ភាគីអ៊ីស្រាអែលថានឹងយកទៅពិនិត្យ ពិចារណា និងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធមួយជំហានសិន។ បច្ចុប្បន្ន វិស័យកសិកម្មនៅរដ្ឋអ៊ីស្រាអែលបាន និងកំពុងមានការផ្លាស់ប្តូរ ពីការផ្តោតសំខាន់លើការងារបង្កើនទិន្នផល មកជាការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ម្ហូបអាហារដែលផលិតនៅតំបន់វាលខ្សាច់ និងសមុទ្រ ដើម្បីឆ្លើយតបតាមការបម្រែបម្រួលអាកាសធាតុ។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រី Oded Forer អញ្ជើញ និងសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តីនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិដែលនឹងរៀបចំនៅរដ្ឋអ៊ីស្រាអែលនាខែតុលាខាងមុខនេះ។ 

សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីនៃក្រសួងទាំងពីរបានឯកភាពបង្កើតក្រុមការងារជំនាញ ដើម្បីរៀបចំអនុស្សារណៈនៃការយោគយល់គ្នាក្នុងស្មារតីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print