ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ វគ្គផ្តាច់ព្រ័ត្ររបស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៉ីអនសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
កម្មវិធីនេះបានចាប់ផ្តើមមកអស់រយៈពេលកន្លះឆ្នាំហើយ ដោយគិតចាប់ពី ខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ ដែលមានបេក្ខភាពមកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស ។
ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខជនសរុបចំនួន ៤រូប ទី១-លោក នាង ដាវីន ទី២-លោក ថុល សុភិទិ ទី៣-លោកលីម តិចម៉េង និងទី៤-លោក ស៉ឹម ច័ន្ទពន្លឺ ដែលត្រូវប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកជ័យលាភី ហើយតាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជនបានបង្ហាញឱ្យទស្សនិកជនឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព។
ជាទីបញ្ចប់ក្នុងការប្រកួតនេះ បេក្ខជន លីម តិចម៉េង បានទទួលបានជ័យលាភីជាម្ចាស់ពាននៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១០០លានរៀល។ ចំណែកឯបេក្ខជន ដែលមិនបានលើកពានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល៕
ដោយ សិលា