ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងទៅប្រជាពលរដ្ឋស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទនិងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ។ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់មហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ឱ្យបានជ្រាបថា នៅថ្ងៃពុធ ០៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ប៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរណ៍និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ស្តុបចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយនឹង មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) រយៈពេលចំនួន០៣ថ្ងៃ ដើម្បីត្រៀមរៀបចំការងារ ៕
ដោយ សំរិត