ខេត្តព្រះសីហនុ៖ រថយន្តកុងតឺន័រ០១គ្រឿង បានបើកឡើងពីលើការ៉ូឡាផ្លូវថ្មើរជើងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ នៅក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ ឃាត់បានភ្លាមៗ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៩ ខែសីហា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ហេតុការណ៍ខាងលេីនេះ កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយវិថីឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គឺរថយន្តបង្ក បានបើកឡើងពីលើការ៉ូឡា(ផ្លូវថ្មើរជើង) ដើម្បីដឹកដឹកសម្ភារៈចូលការដ្ឋានដែលមានទីតាំងនៅតាមបណ្តោយវិថីឯករាជ្យ បណ្តាលឱ្យបាក់ស្រុត និងរងការខូចខាតយ៉ាងដំណំ។ បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ទុក ដើម្បីចាត់ការតាមវិធានការច្បាប់។
ជាមួយគ្នានោះ អាជ្ញាធរខេត្ត អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមផ្តល់មតិយោបល់ លើករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដែលរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការស្ថាបនាទុកជាប្រយោជន៍ជាតិ និងជូនសាធារណជនប្រើប្រាស់ជាផ្លូវថ្មើរជើង៕
ដោយ៖សហការី