លោកឃួង ស្រេង ណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដីមើលថែទាំនិងជួសជុលផ្លូវដែលខួចនៅមូលដ្ឋានរបស់ខ្លួន និង រៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អជាប្រចាំ កុំចាំបាច់តែចៅហ្វាយក្រុងប្រាប់

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង បានធ្វើការណែនាំឱ្យមន្ត្រីជំនាញនិងអាជ្ញាធរដែនដីរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងជួសជុលមើលថែផ្លូវឱ្យបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល។
ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែលដីចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងមើលការជួសជុលផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
លោក ឃួង ស្រេង បានជំរុញឱ្យមន្ត្រី
ជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ ជួសជុលជង្ហុក សំបុកមាន់ រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ពិសេសកុំឱ្យមានការលក់ដូររំលោភយកចិញ្ចើមផ្លូវសាធារណៈ មកលក់ដូរបន្ដទៀត ។
សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ (ផ្លូវ៦០ម៉ែត្រ) នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំបុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៧កន្លែង គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស ៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់ហើយនៅពេលស្ពានអាកាស២នេះសាងសង់រួចរាល់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន០៩ ដើម្បីជួយសម្រួល ការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ  ក្នុងការធ្វើដំណើរ ៕

...

ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print