ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារចំនួន ៣.៣២៤នាក់

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់បេក្ខជន បេក្ខនារី និងមន្ត្រីរាជការទូទៅដែលមាន បំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌសុខាភិបាលឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលត្រូវការ ជ្រើសរើសមន្ត្រីរាជការ ចំនួន ៣.៣២៤នាក់ ដើម្បីដាក់ឱ្យទៅបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈ ការប្រឡងប្រជែងទៅតាមទីកន្លែងធ្វើការ និងមុខជំនាញដែលត្រូវជ្រើសរើសដូចមានក្នុងតារាងភ្ជាប់មកជាមួយ។ ក / លក្ខខណ្ឌនៃការជ្រើសរើស ៖

១- បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។
២- ត្រូវបានលើកលែងលក្ខខណ្ឌអាយុចំពោះបេក្ខជនជាមន្ត្រីរាជការគ្រប់មុខតំណែង និងបេក្ខជនជានិស្សិតបញ្ចប់ការសិក្សា ដែលប្រឡងចូលក្របខណ្ឌក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ មុខតំណែងវិជ្ជាជីវៈក្រៅពីសុខាភិបាល ត្រូវបានកំណត់ អាយុគិតមកដល់ថ្ងៃប្រឡងដូចខាងក្រោម៖

-បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីសញ្ញាបត្រថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ

– បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ

– បេក្ខជនដែលមានសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ។

៣- បេក្ខជនជាមន្ត្រីរាជការ (ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ) ត្រូវមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន/ អង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងនេះ។

៤- បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថាគ្មានទោស(យកក្រោយពេលប្រឡងជាប់)។

ខ / វិញ្ញាសាប្រឡង៖ វិញ្ញាសាប្រឡងមានមុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដែលមានរយៈពេល ២ម៉ោង។

គ / ការដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែង៖ – ចំពោះពាក្យស្នើសុំប្រឡងប្រជែង បេក្ខជនអាចទាញយកពីតំណភ្ជាប់វេបសាយ(website៖ www.moh.gov.kh) ឬGoogle Drive មានតំណភ្ជាប់ QR Code ខាងក្រោម ឬFacebook ផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ឬ មកទទួលពាក្យនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក(ជាន់ផ្ទាល់ដី)នាទីស្ដីការក្រសួងសុខាភិបាល ដែលមានអាសយដ្ឋាន វិថីសម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

– បេក្ខជនជានិស្សិតបញ្ចប់ការសិក្សា ឬជាមន្ត្រីរាជការ ដែលមានបំណងចង់ប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាល សូមទំនាក់ទំនងដាក់ពាក្យសុំចុះឈ្មោះប្រឡងរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាទីស្តីការ ក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូត ផុតកំណត់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទី។
ឃ / មណ្ឌលប្រឡង និងកាលបរិច្ឆេទនៃការប្រឡងប្រជែង៖ ចំពោះមណ្ឌលប្រឡង និងកាលបរិច្ឆេទនៃការប្រឡងប្រជែង ក្រសួងសុខាភិបាលនឹងជូនដំណឹងនៅពេលក្រោយ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print