អំពើហិង្សារវាងកម្លាំងប៉ូលិសនឹងក្រុមបាតុករដែលសម្រុកចូលវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីបាដាដនាថ្ងៃទី ២៩ខែសីហា បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។
សារព័ត៌មាន AP បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥នាក់ស្លាប់ និងអ្នករបួសរាប់រយនាក់ ។ គណៈប្រតិភូរបស់អង្គការសហប្រជាជាតិជួយដល់ប្រទេសអុីរ៉ាក់បានស្នើដល់ក្រុមបាតុករឱ្យចាកចេញពីតំបន់ អន្តរជាតិដែលមានទីតាំងស្ថានទូតបណ្តាប្រទេសជុំវិញពិភពលោក ក៏ដូចជាចាកចេញពីទីតាំងរដ្ឋាភិបាល។
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បានលើក ឡើងថា ស្ថានភាពដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអុីរ៉ាក់គឺជាក្តីបារម្ភយ៉ាងធំធេង។ លោក Stéphane Dujarric បញ្ជាក់ទៀតថា អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់ បញ្ចៀសអំពើហិង្សា ។
សារព័ត៌មាន Fox News បានផ្សាយថា អំពើហិង្សាកើតឡើង ក្រោយពេលលោក Muqtada al-Sadr ប្រមុខដឹកនាំសាសនាដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសនេះបានប្រកាសលាលែងចេញពីតំណែង។ ក្រុមអ្នកគាំទ្រលោកបាននាំគ្នាធ្វើបាតុកម្មនៅមុខវិមានប្រធានាធិបតី ហើយបានសម្រុកចូលទៅខាងក្នុងទើបបង្កឱ្យមានអំពើហិង្សាកើតឡើង៕ ដោយធីរីណា
រូបថត : AP