ភ្នំពេញ៖ ការគោរពសញ្ញាចរាចរណ៍នៅតាមផ្លូវ គឺជាកាតព្វកិច្ចរបស់អ្នកធ្វើដំណេីរគ្រប់រូប។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី៣០ ខែសីហា ឆ្នាំ២០២២។
ក្រសួងសាធារណការ បានបញ្ជាក់ថា៖ ផ្លាកសញ្ញាទី១ សញ្ញាហាមបត់ត្រឡប់ក្រោយ (NO U TURN) សញ្ញានេះហាមយានជំនិះគ្រប់ប្រភេទបត់ត្រឡប់ក្រោយ។
ផ្លាកសញ្ញាទី២ ជាផ្លាកសញ្ញាបន្ថែម បង្ហាញពី រថយន្តដឹកទំនិញធុនធំ (LARGE SIZED TRUCK) សញ្ញានេះ ប្រើសម្រាប់សម្គាល់ រថយន្តដឹកទំនិញធុនធំ ដែលជាប្រភេទរថយន្តអាចមានទម្ងន់សរុបលើស៣.៥០តោន។
ផ្លាកសញ្ញាទី៣ ជាផ្លាកសញ្ញាបន្ថែម ដើម្បីបញ្ជាក់បន្ថែមពីការហាមរថយន្តធំបត់ត្រលប់ក្រោយ (NO U TURN FOR HEAVY VEHICLE)។
សូមបញ្ជាក់ថា ចំពោះផ្លាកសញ្ញាដូចដែលមានបង្ហាញក្នុងរូបភាពនេះ ជាប្រភេទផ្លាកសញ្ញាប្រើប្រាស់រួមគ្នា ដោយផ្លាកសញ្ញាទី២ និងទី៣ បានដើរតួនាទីបញ្ជាក់អត្ថន័យឱ្យកាន់តែច្បាស់លាស់ថា ប្រសិនបើអ្នកបើកបរយានយន្តដែលមានទម្ងន់សរុបលើស៣.៥០តោន មិនត្រូវបានអនុញ្ញាតឱ្យធ្វើការបត់ត្រលប់ក្រោយឡើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីគំនូសសញ្ញារលប់ ផ្លាកសញ្ញាមានការបាក់បែក ឬបង្គោលសញ្ញាដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕
ដោយ៖សហការី