សម្ដេចក្រឡាហោម ស ខេង៖​ រំលឹកឡើងវិញអំពីដំណើរការរបស់អាស៊ាន ដែលរហូតមកដល់ពេលនេះ មានរយៈពេល ៥៥ឆ្នាំហើយ ដោយបានដំណើរការដោយឈរលើស្មារតីស្នូល

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN) តាមប្រព័ន្ធ Video Conference ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន និងភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ជាច្រើនរូបទៀត។​ នេះបេី​យោង​តាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យា។ ​

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍រំលឹកឡើងវិញអំពីដំណើរការរបស់អាស៊ាន ដែលរហូតមកដល់ពេលនេះ មានរយៈពេល ៥៥ឆ្នាំហើយ ដោយបានដំណើរការដោយឈរលើស្មារតីស្នូល «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ»។ សម្ដេច បន្ដថា សន្តិភាព និងស្ថេរភាពដែលអាស៊ានទទួលបានអស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក បានធ្វើឱ្យអាស៊ានក្លាយជាតំបន់មានការរីក ចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវកំណើន និងការអភិវឌ្ឍខ្ពស់ ដោយបានរួមចំណែកកែលម្អជាលំដាប់នូវ សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ អាស៊ានក៏ទទួលបាន ការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ក្នុងការពង្រឹង និងពង្រីក កិច្ចសហការជាដៃគូរប្រកបដោយសក្តានុពល និងគ្រប់ជ្រុងជ្រោយផងដែរ។

សម្ដេចក្រឡាហោម បន្ថែមថា ស្ថិតនៅក្នុងដំណាក់កាល នៃការរីកចម្រើន និងអភិវឌ្ឍន៍នៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗ បានកើតឡើងជាបន្តបន្ទាប់ រួមមាន បញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសុខភាពសាធារណៈ និងបញ្ហាសង្គម សេដ្ឋកិច្ចផងដែរ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ប្រឹងប្រែងរួមគ្នា ដើម្បីអាចដោះស្រាយបញ្ហាទាំងនោះបានប្រកបដោយប្រសិទ្ធភាព។

សម្ដេចក្រឡាហោម បញ្ជាក់ថា ទោះបីយើងត្រូវឆ្លងកាត់វិបត្តិកូវីដ-១៩ ជាសកលក៏ដោយ ក្នុងឆ្នាំនេះអាស៊ាន បានសម្រេចសមិទ្ធផលធំៗ មួយចំនួន ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) ហើយយើងក៏បានធ្វើការយ៉ាងស្វិតស្វាញ ក្នុងការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) និងនាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៥ ដោយបានស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំង ផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាសង្គម សេដ្ឋកិច្ចដែលកំពុងកើតមាន។

ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ជាប្រធានប្តូរវេន នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់នូវការគាំទ្រ និងកិច្ចសហការដល់កម្ពុជាពីសំណាក់ អគ្គលេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន (External Partner) និងបណ្តាប្រទេសទាំង១០ របស់អាស៊ាន ដែលបានរួមគ្នាក្នុងការសម្រេចកិច្ចការក្នុងស្មារតីស្នូលរបស់អាស៊ាន គឺ «ចក្ខុវិស័យមួយ អត្តសញ្ញណមួយ និងសហគមន៍តែមួយ»។

សូមជម្រាបជូនដែរថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ដែលឆ្លើយតបនឹងស្មារតី នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨ នៅប្រទេសសឹង្ហបូរី។ កិច្ចប្រជុំប្រចាំឆ្នាំ នាពេលនេះ នឹងបន្តដំណើរការក្រោមអធិបតីភាពរបស់ ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងជាតិរបស់កម្ពុជា (National Representative of Cambodia)៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print