រយៈពេលតែ១ថ្ងៃប៉ុណ្ណោះមានក្មេងប្រុស ស្រី២នាក់ស្លាប់ដោយសារលង់ទឹក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្នុងរយៈពេល១ថ្ងៃ នៅខេត្តបន្ទាយមានជ័យមានក្មេងប្រុស ស្រី២នាក់បានស្លាប់ដោយសារលង់ទឹកដោយឡែកពីគ្នា គឺម្នាក់នៅស្រុកថ្មពួកលង់ទឹកប្រឡាយ និងម្នាក់ទៀតនៅក្រុងប៉ោយប៉ែតបានធ្លាក់ចូលក្នុងលូទឹកដែលកំពុងហូរខ្លាំង ។
ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឱ្យដឹងថា៖ នៅវេលាម៉ោង១និង២៩នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅប្រឡាយចម្ងាយ២០០ម៉ែត្រខាងលិចភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មានក្មេងប្រុសម្នាក់ឈ្មោះ ហួក តែហាំង អាយុ៣ឆ្នាំ មានទីលំនៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកបានទៅលេងទឹកប្រឡាយដែលកំពុងហូរខ្លាំងបណ្តាលឱ្យលង់ទឹកស្លាប់។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុក្មេងរងគ្រោះនិងក្មេងប្រុសម្នាក់ទៀតនៅភូមិជាមួយគ្នាបាននាំគ្នាជិះកង់ទៅលេងទឹកប្រឡាយដែលគេទើបនឹងជីកធ្វើផ្លូវ មានចម្ងាយពីភូមិប្រមាណជា២០០ម៉ែត្រ ហើយប្រហែល ជា២នាទីក្រោយមក ក្មេងរងគ្រោះបានលង់ទឹកនិងស្រែកឱ្យគេជួយ តែក្មេងដែលទៅជាមួយនោះមិនហ៊ានជួយក៏បានជិះកង់មកប្រាប់ឪពុកម្ដាយក្មេងរងគ្រោះឱ្យទៅជួយកូនរបស់គាត់ដែលកំពុងលង់ទឹក ពេលនោះក៏នាំគ្នាចុះរាវស្វែងរកក្មេងដែលលង់ទឹក តែនៅពេលរកឃើញ ក្មេងប្រុសនោះបានស្លាប់បាត់ទៅហើយ ។
មន្ត្រីនគរបាលនៅក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖ នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានក្មេងស្រីម្នាក់បានធ្លាក់ចូលលូទឹកពេលមេឃកំពុងភ្លៀងខ្លាំង ។ ក្មេងស្រីរងគ្រោះឈ្មោះសុខ ផានី ហៅ (វេវ ) អាយុ៣ឆ្នាំ ស្នាក់នៅជាមួយជីដូនឈ្មោះ គឹម គីម នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានម្តាយឈ្មោះ សាង ឡុង  និងឪពុកឈ្មោះ យុត អ្នកទាំងពីរជាប់រវល់ទៅធ្វើការនៅក្រៅផ្ទះ ហើយបានទុកកូនឱ្យជីដូនជួយមើលនៅផ្ទះ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ យោងតាមការសាកសួរជីដូនឈ្មោះ គឹម គីម អាយុ៧០ឆ្នាំ មុខរបរមេផ្ទះ បាននិយាយថាគាត់បានបញ្ចុកបាយចៅទាំងពីរនាក់បងប្អូន រួចប្រាប់ឈ្មោះ សុខ ផានី ហៅ (វេវ)ឱ្យជួយមើលប្អូនផង ហើយកុំទៅណាឱ្យសោះ ព្រោះជីដូនទៅសាខោអាវមួយភ្លែត ពេលត្រលប់មកវិញពុំឃើញក្មេង​ទាំងពីរនាក់បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយពេលនោះមានគេមកប្រាប់ថា ឈ្មោះ(វេវ )បានធ្លាក់ចូលក្នុងប្រឡាយបាត់ហើយ។
តាមការសាកសួរឈ្មោះ ធៀន សុច័ន្ទពិសិទ្ធ ភេទប្រុស អាយុ១១ឆ្នាំ បានប្រាប់ថា៖ ខ្លួនបានឃើញឈ្មោះ វេវ និងឈ្មោះតយ២នាក់បងប្អូនកំពុងលេងទឹកនៅមាត់ប្រឡាយ ហើយខ្លួនបានដើរទៅទាញដៃ ឱ្យឡើងពីប្រឡាយមកវិញ តែឈ្មោះវេវ មិនព្រមឡើងមកទេ រួចខ្លួនបានដើរទៅហៅចាស់ៗ ពេលត្រឡប់មកវិញពុំឃើញឈ្មោះវេវ ទៀតទេ។ នៅពេលឮដំណឹងនេះភ្លាម អាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទបាននាំគ្នាចុះរាវរកនិងយកអេស្កាវ៉ាទ័រជីកកាយលូដើម្បីរកសព តែមិនរកឃើញ លុះមកដល់វេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២២ ម្តាយមីងឈ្មោះទេព ស្រីស និងឪពុកមាឈ្មោះហែម រីណា ខណ:ពួកគាត់ចេញពីធ្វើការ ហើយដើរអើតមើលតាមរីហ្គាលូស្រាប់ប្រទះឃើញសាកសពក្មេងស្រីជាប់នឹងមែកឈើក្នុងរីហ្គាលូនៅមុខផ្ទះក៏បានស្រង់យកមកតែម្ដង៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print