នៅថ្ងៃទី៣១ ខែសីហា (ពេលវេលាអាមេរិក) ប្រធានាធិបតីបៃឌិន បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអុីស្រាអែលថា ទីក្រុងវ៉ាស៊ីនតោនមិនអនុញ្ញាតឱ្យអុីរ៉ង់មានអាវុធបរមាណូនោះឡើយ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា អ៉ីស្រាអែលបានបង្ហាញការជំទាស់ទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់តាំងតែពីត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥មកម្ល៉េះ។ កិច្ចព្រមព្រៀងនេះបានរឹតត្បិតលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិចំពោះទីក្រុង តេអេរ៉ង់។ អ៉ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់ ដូចជាអារ៉ាប៊ីសាអូឌីតយល់ថា នេះជាជំហរទន់ភ្លន់ពេកចំពោះអ៉ីរ៉ង់ ដែលពួកគេចោទថានៅតែបន្តអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ ហើយជាការគាំទ្រអ៉ីស្រាអែល អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្មឡើងវិញលើអ៉ីរ៉ង់។
លោក ចូ បៃឌិន បានសន្យានាំសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់វិញ ព្រោះលោកជឿថាវាជាមធ្យោបាយមួយ ក្នុងការទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ យ៉ាងណាក៏ដោយ បើតាមសេតវិមាន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក យែរ ឡាភីដ លោក បៃឌិន បានសន្យាជាថ្មីថា សហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យអ៉ីរ៉ង់កាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត។ «លោកប្រធានាធិបតី បៃឌិនបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដែលនឹងមិនបណ្ដោយឱ្យអ៉ីរ៉ង់ផលិតបាន ឬកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត»។ នេះជាការបញ្ជាក់យ៉ាងខ្លីរបស់សេតវិមានជាមួយការបន្ថែមថា លោក បៃឌិន និងលោក ឡាភីដ ក៏បានពិភាក្សាពីការគំរាមកំហែងនានាបង្កឡើងដោយអ៉ីរ៉ង់ផងដែរ៕ ដោយធីរីណា
រូបថត :REUTERS