សារព័ត៌មាន The guardian បានផ្សាយថា ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានត្រៀមបញ្ជូនទឹកប្រាក់ ៩,៩ពាន់លានដុល្លារឱ្យទៅវិមានក្រឹមឡាំង ក្រោយពេលក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញច្រើនបំផុតមិនធ្លាប់មាន។
ក្រុមហ៊ុន Gazprom បានប្រកាសថា ក្រុមហ៊ុនទទួលបានប្រាក់ចំណូលពីការលក់ថាមពលហ្គាសដល់ទៅ ៤១,៤ពាន់លានដុល្លារនៅក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២២។ តម្លៃប្រេងនិងថាមពលកើនឡើងខ្ពស់ក្នុងរយៈពេលនោះ ពិសេសចាប់តាំងពីសង្គ្រាមរុស្សី-អ៊ុយក្រែនផ្ទុះឡើង។ វិមានប្រធានាធិបតីរុស្ស៊ី មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Gazprom រហូតដល់ទៅ៤៩,៣% នឹងទទួលបានប្រាក់ចំណេញ១,២១ ពាន់លានរូប្លិ៍។
បើទោះបីរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចក្តី ប៉ុន្តែប្រាក់ចំណូលពីការលក់ប្រេងរបស់រុស្ស៊ីបែរជាកើនឡើងខ្ពស់ទៅវិញ ។ ទាំងនោះគឺជាអ្វីដែលប្រទេសលោកខាងលិចមិនចង់បាននោះឡើយ ។ អង់គ្លេស និងអឺរ៉ុបបានបង្កើនការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដើម្បីបិទសេដ្ឋកិច្ចប្រទេសនេះ ។ ប៉ុន្តែរុស្ស៊ីបានបង្កើនការលក់ប្រេងទៅកាន់ប្រទេសតំបន់អាស៊ីវិញ ជំនួសទីផ្សារនៅអឺរ៉ុប។ ទាំងនោះហើយបានជួយដល់រុស្ស៊ីរកបានប្រាក់ចំណូលជាច្រើន ។
អគ្គនាយកក្រុមហ៊ុន Gazprom លោក Alexei Miller នៅថ្ងៃទី ៣១ខែសីហា បានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចធ្វើឱ្យក្រុមហ៊ុនជួសជុល Siemens Energy មិនអាចដំណើរការបានទើបធ្វើឱ្យបំពង់បង្ហូរឧស្ម័ន Nord Stream 1 ផ្អាកដំណើរការដើម្បីជួសជុល៕ ដោយធីរីណា
រូបថត :Reuters