កំពង់ធំៈ ដីព្រៃជាង២០០ហិកតា ត្រូវបានលោក ថា និងលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក ឃុបឃិតគ្នា រំលោភយកដីព្រៃមកធ្វើជាកម្មសិទ្ធ ព្រមទាំងបានធ្វើជាឯកសារលក់ទិញក្លែងក្លាយ ដើម្បីបន្លំភ្នែកអាជ្ញាធរ សម្រាប់ការលក់ចេញបន្តទៅឈ្មួញ ដែលមានទីតាំងនៅ តំបន់អូគ្រញូង ភូមិប្រកូវ និងភូមិស្រែស្រម៉ ឃុំទីពោធិ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មាន ច្បាស់ការណ៍ បានឲ្យដឹងថា មេក្លោងដឹកនាំទិញលក់ដី នៅតំបន់ឃុំទីពោធិ ដោយមានការឃុបឃិតគ្នាជាមួយលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក បាននាំគ្នារំលោភយកដីព្រៃដោយខុសច្បាប់ ដែលពុំមានឯកសារមួយណាជាក់លាក់ និងយកជាផ្លូវការបាន ដោយសារតែឯកសារទាំង៨ច្បាប់ មានឈ្មោះអ្នកលក់តែពុំមានឈ្មោះអ្នកទិញ និងពុំមាន ការដឹងលឺពីអាជ្ញាធរស្រុក គឺមានត្រឹមតែមេភូមិ ហើយពុំមានការ ចុះលេខ និងមេឃុំដឹងលឺ និយាយឲ្យខ្លីគឺមានតែមេភូមិ និងអ្នកលក់ គ្មានឈ្មោះអ្នកទិញ គ្មានទីលំនៅអ្វីទាំងអស់ ឯកសារនេះ ដែលលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក បានអះអាងថាដីរបស់លោកស្របច្បាប់ ខណៈឯកសារបានយកមកបង្ហាញគ្មានលក្ខណៈស្របច្បាប់បន្តិចឡើយ។
ក្នុងនោះដែរលោក ថា ដែលជាមេក្លោងគោកជេរដី បានអះអាងថា លោកយល់ឃើញថា ឯកសារទាំងនេះមិន មានជាលក្ខណៈស្របច្បាប់មែន តែវាជាទំលាប់របស់អ្នកភូមិ ទិញលក់ ដោយមិនចាំបាច់ដាក់ឈ្មោះអ្នកទិញ និងទីលំនៅនោះទេ ហើយលោកបាននាំគេមកទិញ តែ៤ ទៅ៥នាក់ តែបើសិនជាថាឯកសារខុសយ៉ាងណា នោះគឺចាំប្រាប់ឲ្យគេកែតម្រូវតាមក្រោយទៀត ហើយចំណែកការសម្រួលដោះស្រាយនោះ គឺលោកបានណាត់ឲ្យលោក យូ រស់នៅចំការលើ និងម្ចាស់ដី៥នាក់ មកជួបជាមួយលោក ឈួន ឆោម ជាសមត្ថកិច្ចខេត្ត ដើម្បីដោះស្រាយ បិទព័ត៌មានកុំឲ្យធ្វើការផ្សព្វផ្សាយ ។
តាមប្រភពព័ត៌មានបានបង្ហើប ឲ្យដឹងថា ការធ្វើឯកសារបែបនេះ គឺជាលក្ខណៈបង្កភាពងើយស្រួលដល់ការលក់ ដីអោយឈ្មួញ ដោយសារតែមានការចំហរ ត្រង់ឈ្មោះអ្នកទិញ និងអាស្រ័យដ្ឋានអ្នកទិញ លុះថ្ងៃក្រោយមាន ឈ្មួញណាត្រូវថ្លៃ ក៏សរសេរឈ្មោះដាក់ ហើយបំពេញទីលំនៅ និងចុះហត្ថលេខា ទៅជាការស្រេច ការធ្វើឯក សារបែបនេះស្មើរនឹងក្លែងក្លាយលិខិតសាធារណៈ ប៉ុន្តែទោះជាយ៉ាងណានោះ ជាមុខរបររបស់លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក ដែលមានអាជីពជាអ្នករកស៊ីលក់ដីព្រៃយូរហើយ៕
ដីព្រៃជាង២០០ហិកតាត្រូវបានលោក អ៊ឹម ឆន និងលោកថា ឃុបឃិតគ្នារំលោភដោយក្លែងឯកសារ
...