នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានគណៈបញ្ជាការដឹកនាំប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអនុប្រធាន និងសមាជិកា សមាជិកា នៃគណៈបញ្ជាការដឹកនាំប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ, អភិបាលខេត្តកណ្តាល, អភិបាលខេត្តព្រះសីហនុ និងលោក និងលោកស្រី​ អភិបាលរងរាជធានី-ខេត្តទាំង ២៥ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងវិធានការក្នុងការតស៊ូប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសពាក់ព័ន្ធអំពើជួញដូរមនុស្ស ដោយដាក់ចេញវិធានការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈទូទៅ សំដៅធានាបរិយាកាសសន្ដិសុខនៅក្នុងប្រទេសកម្ពុជា ហើយក៏បានដាក់ចេញវិធានការដើម្បីស្រាវជ្រាវរកមូលហេតុ រកដើមចមជាក់ស្ដែង នៃសារព័ត៌មានមួយចំនួនដែលមានបំពុល ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា។ លោក បន្តថា ជារួមសមាសភាពក្រុមការងារជំនាញថ្នាក់ជាតិ ជាកម្លាំងគាំទ្រផ្នែកបច្ចេកទេស ដោយឡែកអ្នកអនុវត្តជាក់ស្ដែងនៅគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ជាអ្នកចាត់តាំងអនុវត្តនូវគោលការណ៍ ផែនការប្រតិបត្តិការនេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអះអាងថា នៅក្នុងប្រទេសកម្ពុជា គ្មានកន្លែងណាមួយដែលងាយរងគ្រោះដោយអំពើជួញដូរមនុស្សនោះទេ ប៉ុន្ដែយើងមានមុខសញ្ញាដែលងាយរងគ្រោះ ដូចជាស្ដ្រី និងកុមារ ដែលពួកគាត់នៅតាមមូលដ្ឋានខ្វះការអប់រំ និងមិនសូវយល់ដឹងអំពីល្បិចកលរបស់ជនល្មើស ដែលលួងលោមពួកគាត់ឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃអំពើជួញដូរនេះ។ ទន្ទឹមនោះ​ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានណែនាំកិច្ចការមួយចំនួនដូចខាងក្រោម៖

ទី១៖ កំណត់គោលដៅដែលត្រូវត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាប

ទី២៖ កំណត់គោលការណ៍ដែលត្រូវអនុវត្ត

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញនូវគោលការណ៍ត្រួតពិនិត្យគោលដៅជនបរទេស ត្រួតពិនិត្យលិខិតស្នាម ភាពស្របច្បាប់របស់ជនបរទេសដែលស្នាក់នៅ និងបម្រើការងានៅក្នុងប្រទេសកម្ពុជា ក្នុងនោះត្រូវធ្វើការស្រាវជ្រាវដើម្បីរកឲ្យឃើញនូវបទល្មើស និងឈានទៅបើកប្រតិបត្តិការបង្ក្រាប។

សម្រាប់គោលការណ៍ប្រតិបត្តិការរួមមាន៖

១៖​ ផ្សព្វផ្សាយអ​ប់រំ

២៖​ ការធ្វើស្វ័យរបាយការណ៍របស់ម្ចាស់អាជីវកម្មជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត

៣៖ការត្រួតពិនិត្យ រដ្ឋបាល

៤៖ ការអនុវត្តច្បាប់

បន្ថែមពីនេះ ត្រូវផ្ដល់ការផ្សព្វផ្សាយអប់រំទៅដល់គោលដៅអាជីវកម្ម សេវាកម្មពាក់ព័ន្ធជនបរទេស ធ្វើឲ្យបានទូលំទូលាយ និងឆ្លើយតបព័ត៌មានបំពុលនានា។ ត្រូវអនុវត្តវិធានការជំនាញ ដោយផ្ដោតលើការងារពង្រឹងគ្រប់គ្រងធ្វើរដ្ឋបាលដោយ ត្រូវចុះទៅកន្លែងណាដែលជាគោលដៅសង្ស័យ និងពង្រឹងការអនុវត្តច្បាប់ផ្ទាល់តែម្ដង នៅពេលរកឃើញបទល្មើសកើតឡើង។

ដោយឡែក សម្រាប់ជនបរទេសណាដែលចូលមកប្រទេសកម្ពុជា ដោយមិនមានច្បាប់ទម្លាប់ ឬលិខិតស្នាមត្រូវចាប់បណ្ដេញចេញ ខណៈជនណាដែលពាក់ព័ន្ធការអូសទាញក្រោយពិនិត្យឃើញមានធាតុផ្សំបទល្មើសច្បាស់លាស់ ករណីជួញដូរ ធ្វើទារុណកម្ម ត្រូវតែអនុវត្តច្បាប់ជាធរមាន៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print