សម្ដេចក្រឡាហោម ស ខេង៖​ ការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនលើសលុបរបស់ប្រជាពលរដ្ឋ គឺបង្ហាញថាប្រជាពលរដ្ឋគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែង​មានប្រសាសន៍ថា​៖​ ការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនលើសលុបរបស់ប្រជាពលរដ្ឋ គឺជាការបង្ហាញថាប្រជាពលរដ្ឋគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ការថ្លែងបែបនេះ​របស់​សម្ដេចក្រឡាហោម ស ខេង បានធ្វេីឡេីង​នៅព្រឹកថ្ងៃសុក្រទី២ ខែកញ្ញា ឆ្នាំ២០២២នេះ​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដីថុយ ស្ថិតនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ស ខេង​ បានថ្លែង​បន្តថា​ សម្ដេចផ្ទាល់និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការផ្សេងៗទៀតដែលជាក្រុមការងាររាជរដ្ឋាភិបាលបាននិងកំពុងចូលរួមសកម្មភាពបម្រើជាតិ បម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ពោលគឺក្រៅពីការងារស្នូល ក៏បានចូលរួមក្នុងការងារមូលដ្ឋានបន្ថែមទៀតដែរ ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈក្រុមការងារគណបក្សបានធ្វើការងារនយោបាយដើម្បីធ្វើយ៉ាងណាឱ្យសមាជិកសមាជិការបន្តការគាំទ្រលើកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្ស ព្រមទាំងពង្រីកការគាំទ្រដើម្បីបង្កើនសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

សម្ដេចក្រឡាហោម បានបន្ថែមថាក្រុមការងារទាំងពីរ មានគោលដៅដូចគ្នាមួយគឺធ្វើការងារបម្រើប្រជាពលរដ្ឋដូចៗគ្នា ពិសេសការពាំនាំនូវស្ថានការណ៍ជាក់ស្ដែងនៅមូលដ្ឋាន ដូចជាការលំបាក បញ្ហាប្រឈម សំណូមពរ ឬសំណើរនានារបស់ប្រជាពលរដ្ឋ ដើម្បីយកទៅរាយការណ៍ដល់រាជរដ្ឋាភិបាល រាយការណ៍ដល់ថ្នាក់ដឹកនាំគណបក្សឱ្យជួយដោះស្រាយនៅក្នុងករណីបញ្ហាទាំងនោះ ពួកគាត់គ្មានលទ្ធភាព ឬសមត្ថភាពដើម្បីដោះស្រាយ ហើយថាប្រសិនបើក្រុមការងារទាំងពីរនេះមានលទ្ធភាពអាចធ្វើបាន ក្រុមការងារនឹងប្រមែលប្រមូលធនធានដើម្បីឆ្លើយតបសេចក្ដីត្រូវការប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម​ បានបន្ថែមថា«យើងធ្វើរបៀបនេះ ពិតជាមានប្រយោជន៍ច្រើនណាស់ ដោយយើងមិនរង់ចាំតែគម្រោងថវិការបស់រដ្ឋ ឬថវិកាជាតិ»។ សម្ដេចបន្តថាគម្រោងថ្នាក់ជាតិដែលប្រើថវិកាជាតិនោះ គឺមានជារៀងរាល់ឆ្នាំ ប៉ុន្តែក៏មិនអាចបំពេញសេចក្ដីត្រូវការពលរដ្ឋបានទាំងអស់បានដែរ ដូច្នេះក្រុមការងារទាំងក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស បានចូលរួមចំណែករួមគ្នាជួយដោះស្រាយ ពិសេសរាល់សេចក្ដីត្រូវការណាដែលមានអាទិភាពសម្រាប់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណប្រជាពលដ្ឋដែលបានគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតទាំងកន្លងមក និងនាពេលខាងមុខទៀត និងមានការជឿជាក់លើថ្នាក់ដឹកនាំ និងមន្រ្តីនៅមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ពិសេសបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print