នៅថ្ងៃទី២ខែកញ្ញា ឥណ្ឌាបានចូលក្នុងចំណោមប្រទេសមហាអំណាចកម្លាំងទាហានជើងទឹក នៅលើពិភពលោក ដោយបានដាក់ឱ្យប្រើប្រាស់នាវាផ្ទុកយន្តហោះផលិតដោយបច្ចេកវិទ្យាឥណ្ឌាផ្ទាល់ គឺនាវា INS Vikrant។
នាវា INS Vikrant មានតម្លៃ ជាង ៣ ពាន់លានដុល្លារ ។
នាយករដ្ឋមន្រ្តីឥណ្ឌា នៅថ្ងៃទី២ខែកញ្ញានេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ នាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុតដែលត្រូវបានកសាងឡើង នៅក្នុងប្រទេសឥណ្ឌាសុទ្ធសាធ។
ក្រោយការសាងសង់និងធ្វើតេស្តផ្សេងៗអស់រយៈពេលសរុប១៧ឆ្នាំ ទីបំផុតនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសម្រេចដាក់ឱ្យដំណើរការនាវា INS Vikrant ដើម្បីក្លាយជានាវាផ្ទុកយន្តហោះចម្បាំងគ្រឿងទី២ដែលអាចធ្វើប្រតិបត្តិការបានសម្រាប់កងទ័ពជើងទឹករបស់ឥណ្ឌា។ វាគឺជានាវាយោធាធំជាងគេបំផុតដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
នាឱកាសនោះ លោក ម៉ូឌី បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ឥណ្ឌាបានចូលក្នុងចំណោមប្រទេសដទៃទៀតនៅលើពិភពលោកដែលអាចផលិត នាវាផ្ទុកយន្តហោះចម្បាំងធំៗ ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងស្រុកផ្ទាល់។ វាគឺជានិមិត្តរូបបង្ហាញអំពីសក្តានុពល អំពីធនធាន ក៏ដូចជាអំពីជំនាញប៉ិនប្រសប់នៅក្នុងស្រុករបស់ប្រទេសឥណ្ឌា»។
ដោយរចនាឡើងដើម្បីអាចផ្ទុកមនុស្សប្រមាណ ១,៦០០នាក់ និងយន្តហោះសរុប៣០គ្រឿង នាវាដឹកយន្តហោះចម្បាំង Vikrant នឹងពឹងផ្អែកទៅលើយន្តហោះរុស្ស៉ីធុន MiG-29K ដែលកំពុងមានវត្តមានរួចស្រាប់នៅលើនាវាដឹកយន្តហោះចម្បាំងគ្រឿងទី១របស់ឥណ្ឌា គឺនាវា វីក្រាម៉ាឌីត្យា (Vikramaditya) ដែលឥណ្ឌាបានទិញយកមកពីប្រទេសរុស្ស៉ី។ ដោយឡែក ក្រុមហ៊ុនអាមេរិក ប៊ូអ៉ីង (Boeing) និងក្រុមហ៊ុនបារាំង ដាស្សូលត៍ (Dassault) ក៏កំពុងព្យាយាមផ្គត់ផ្គង់ឱ្យឥណ្ឌានូវយន្តហោះប្រហែលជិត ៣០ គ្រឿងសម្រាប់បំពាក់លើនាវា Vikrant ផងដែរ៕ ដោយធីរីណា
រូបថត :Zingnews.vn