មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិស្រីលង្កាបានឱ្យដឹងថា អតីតប្រធានាធិបតី Gotabaya Rajapaksa អាចនឹងវិលត្រឡប់ចូលប្រទេសវិញនៅថ្ងៃទី ៣ខែកញ្ញា ។
សារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិស្រីលង្កាដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថាលោក Gotabaya Rajapaksa និងភរិយា ព្រមទាំងអង្គរក្សនិងជំនួយការ នឹងវិលត្រឡប់ចូលស្រុកវិញនៅថ្ងៃទី៣ខែកញ្ញា ។ ស្រីលង្កាបានបង្កើតក្រុមសន្តិសុខ រួមមានកម្លាំងទាហាន ប៉ូលិស ដើម្បីការពារលោកពេលចូលដល់ប្រទេសវិញ។
តាមច្បាប់រដ្ឋធម្មនុញ្ញស្រីលង្កាអតីតប្រធានាធិបតីទទួលបានការ ការពារសន្តិសុខ មធ្យោបាយធ្វើដំណើរក៏ដូចជាកន្លែងស្នាក់នៅ។
នៅពាក់កណ្តាលខែកក្កដា លោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ក្រោយពេលក្រុមបាតុករបានសម្រុកចូលផ្ទះរបស់លោកដើម្បីប្រឆាំងការដឹកនាំមិនបានល្អ ទុកឱ្យប្រទេសជាតិធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ ។ ស្រីលង្កាប្រឈមកង្វះស្បៀងអាហារ ថាមពល ឱសថ គ្មានអគ្គិសនីប្រើប្រាស់ ។
ក្រោយប្រទេសសិង្ហបុរីឈប់ពន្យារពេលដល់ការស្នាក់នៅដែលមានត្រឹមតែ២៨ថ្ងៃប៉ុណ្ណោះ លោក Gotabaya Rajapaksa បានសម្រេចបន្តមកកាន់ប្រទេសថៃ ដោយទទួលបានការអនុញ្ញាតឱ្យស្នាក់នៅទីនេះដល់ទៅ៩០ថ្ងៃ ។ ប៉ុន្តែលោកត្រូវបានស្នើមិនឱ្យចាកចេញពីសណ្ឋាគារឡើយដើម្បីសុវត្ថិភាព ៕ ដោយធីរីណា
រូបថត :REUTERS
រូបថត:AP