សាលា ប៊ែលធី អន្តរជាតិ ទី ២២ (សាខារង្វង់មូលកួរស្រូវ) សម្ពោធជាផ្លូវការ

ចែករំលែក៖

ភ្នំពេញៈ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ប៊ែលធី គ្រុប បានប្រារព្ធ ពិធីសូត្រមន្តបើកឱ្យដំណើរការជាផ្លូវការ សាលា ប៊ែលធី អន្តរជាតិទី២២ (សាខារង្វង់មូលកួរស្រូវ) ស្ថិតនៅអគារលេខ១៩ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស  ខណ្ឌដង្កោ  រាជធានីភ្នំពេញ។ ពិធីសម្ពោធជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោម អធិបតី ភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។

អគារសាលា ប៊ែលធី អន្តរជាតិទី២២នេះ មានកម្ពស់ ៩ជាន់ ក្នុងនោះជាន់ក្រោមដីគឺជាចំណត និងមានបន្ទប់សិក្សាចំនួន ១៥៦បន្ទប់ ព្រមទាំងមានបន្ទប់ពិសោធន៍ បន្ទប់រ៉ូបូទិក បណ្ណាល័យ បន្ទប់ប្រឹក្សាយោបល់ សាលសហសិក្សា ជាពិសេសបានបំពាក់នូវកាំមេរ៉ាសុវត្ថិភាពគ្រប់ថ្នាក់ និងតាមជាន់នីមួយៗ ហើយបច្ចុប្បន្នមានសិស្សបានចុះឈ្មោះចូលរៀនប្រមាណជាង ១,៩០០នាក់ និងមានកម្មវិធីសិក្សាធំៗ ចំនួន ៥ ដូចជា៖
១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១-១២) ៣- កម្មវិធីអភិវឌ្ឍបញ្ញា (IMA)
២- ថ្នាក់ភាសាអង់គ្លេសទូទៅ (ថ្នាក់ត្រៀម, Preschool 1 – កម្រិត១២)   ៤- វគ្គបណ្តុះ បណ្តាល កុំព្យូទ័រ
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)

សាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៩ លើកម្មវិធីដែលមានស្រាប់  សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ១-កម្មវិធីបង្កើនចំណេះដឹងទូទៅ ២-កម្មវិធីពង្រឹងស្មារតី   ៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធីសិក្សាតាមទូរទស្សន៍  ៥-កម្មវិធីប្រឡងសំណេរ  ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា  ៧-កម្មវិធី ជជែកដេញដោល ៨-កម្មវិធីប្រកួតប្រជែងទេពកោសល្យ និង ៩-កម្មវិធីកីឡា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលមានទំនុកចិត្ត និងតែងតែជឿជាក់មកលើកម្មវិធីសិក្សា ការបណ្តុះបណ្តាល និងបច្ចេកទេសបង្រៀនរបស់សាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងសាខានីមួយៗ ក្នុងការជំរុញឱ្យសិស្សានុសិស្ស ដែលទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ដោយមានការគាំទ្រពីមាតាបិតាសិស្សនេះហើយ ទើបធ្វើសាលា ប៊ែលធី អន្តរជាតិ មានលទ្ធភាពក្នុង ការអភិវឌ្ឍទាំងកម្មវិធីសិក្សា កម្មវិធីសិក្សាបន្ថែម ក៏ដូចជា សម្ភារៈរូបវន្ត ជាពិសេសការពង្រីកទីតាំងជាបន្តបន្ទាប់ ក្នុងនោះបច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ២៤ទីតាំង (២២ទីតាំង នៅរាជធានីភ្នំពេញ និង ២ទីតាំង នៅខេត្តកណ្តាល) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ២ទីតាំង (ទីតាំងទី១ ទួលស្លែង និងទីតាំងទី២ ស្ពានអាកាសចោមចៅ)។

ជា ទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានប្រកាសបើកឱ្យដំណើរការជាផ្លូវការសាលា ប៊ែលធី អន្តរជាតិ ទី២២ (សាខារង្វង់មូលកួរស្រូវ) ចាប់ពីថ្ងៃនេះតទៅ។
បវេសនកាលថ្មីឆ្នាំ២០២២ – ២០២៣ ចូលរៀនចាប់ពីថ្ងៃនេះតទៅ សាលាទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃនៅតាមបណ្តាលសាខាទាំង២៤ទីតាំង !!!

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print