អភិបាល​ខណ្ឌ​បឹងកេងកង​ចុះណែនាំ​ភោជនីយដ្ឋានចំនួន៣ទីតាំង​ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ សុខ​ សម្បត្តិ​ អភិបាល​នៃ​គណៈអភិបាលខណ្ឌបឹងកេងកង​ កាលពីយប់ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងចុះធ្វើការណែនាំទីតាំងចំនួន០៣ដែលបានបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង​បានចុះធ្វើការណែនាំទីតាំងចំនួន០៣​ មានដូចខាងក្រោម​៖

១-ភោជនីយដ្ឋានយីហោ«កាត់ចិត្ត»នៅចំណុចផ្លូវលេខ២៧៨ ភូមិ៧ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

២-ភោជនីយដ្ឋានយីហោ«BBQ BAR» នៅចំណុចផ្លូវលេខ៣២២ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

៣-ទីតាំងឃ្លាំងបន្លែនៅផ្លូវលេខ៤០២ ជិត ICU Clinic។

សូមជម្រាបថា​ ក្រោយប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មានអ្នកផឹកស៊ីបង្កការរំខាន​និងបង្កសំឡេងរំខានដល់អ្នកជិតខាងមក លោកអភិបាលខណ្ឌ​ បានដឹកនាំកម្លាំងចុះផ្ទាល់ ដើម្បីចុះទៅធ្វេីការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពផឹកសុីឡូឡាបង្កសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន ។

ជាចុងក្រោយលោកអភិបាលខណ្ឌក៏បានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាកាត់បន្ថយ ឬចៀសវាងការជួបជុំមនុស្សច្រេីន ដេីម្បីបង្ការនិងទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ជាពិសេសចូលរួមគោរពសិទ្ធិអ្នកជិតខាង កុំបង្កសំឡេងរំខានដល់អ្នកដទៃ ជាពិសេសពេលយប់ម្នាក់ៗត្រូវការសម្រាក ៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print