ខេត្តបន្ទាយមានជ័យ៖ នេះបេីយោងតាមប្រភពព័ត៍មានពីកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យ ចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង។
ប្រភពដដែលបន្តថា អនុវត្តន៍បទបញ្ជា និងក្រោមការចង្អុលបង្ហាញពីសំណាក់ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅយប់ថ្ងៃទី៥ ខែកញ្ញា លោកវរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការផ្នែកសឹករងម៉ាឡៃ ដឹកនាំ កម្លាំងអន្តរាគមន៍ផ្នែកសឹករងម៉ាឡៃ សហការជាមួយ ក្រុមការងារសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព កម្លាំងកងរាជអាវុធហត្ថ៩៩៩ និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដែលដឹកនាំដោយលោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ផងដែរថាស្រុកម៉ាឡៃ គឺជាស្រុកមួយដែលងាយរង និងទឹកជំនន់ជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ ដោយសារតែភូមិសាស្រ្តស្រុកនេះនៅជាប់តាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេស ពេលដែលកំពុងមាន ជំនន់ទឹកភ្លៀង និងភ្លៀងធ្លាក់ខ្លាំង សូមប្រុងប្រយ័ត្នចំពោះកូនចៅ ជៀសវាងមានយថាហេតុណាមួយកើតឡើង ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ ហើយទឹកនៅ តែបន្តកើនឡើង៕
ដោយ៖សហការី