ភ្នំពេញ : ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នាព្រឹក ថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការបង្ហាញរបាយការណ៍វិភាគសំណុំរឿងពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ» ជូនដល់ចៅក្រម និង ព្រះរាជអាជ្ញា ចំនួន ៤០ រូប មកសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប។
សូមបញ្ជាក់ថា : សិក្ខាសាលានេះត្រូវរៀបចំដោយក្រសួងយុត្តិធម៌ ដោយមានកិច្ចសហការពីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS)។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅសម្រាប់រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញជូនចៅក្រម និងព្រះរាជអាជ្ញា អំពីលទ្ធផលនៃការវិភាគការដោះស្រាយសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ ព្រមទាំងការចែករំលែកអំពីវិធីសាស្រ្តនៃការស្រាវជ្រាវ និងវិភាគសំណុំរឿងក្នុងដំណាក់កាលស៊ើបអង្កេត ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ៕
ដោយ : សិលា